អីយ៉ាស់ ប្លែកភ្នែកទៀតហើយ! ធ្លាប់តែឃើញធឿន ធារ៉ា លេងកែង តែប្រកួតលើកនេះលក្ខណៈKick Boxing បិទមិនឱ្យប្រើកែង ធឿន ធារ៉ាថា រាងភ័យតិចៗដែរ ព្រោះមិនធ្លាប់ប្រកួតបែបនេះពីមុនមក

ភ្នំពេញ៖ អ្នកគាំទ្រធ្លាប់តែឃើញធឿន ធារ៉ាឡើងប្រកួតលេងកែងច្រើន ផ្តួលគូប្រកួតញឹកញាប់ លើសង្វៀនមិនសំចៃដៃ តែឡើងសង្វៀនលើកនេះ ធារ៉ាមិនដូចមុនទេ កាន់តែកាចទៅៗហើយ ដោយរូបគេត្រូវប្រកួតលក្ខណៈឃីកបុកស៊ីង ដែលរូបគេមិនធ្លាប់ជួបប្រកួតក្នុងអាជីពនាពេលកន្លងមក។

អ្នកលេងពូថៅដៃពិឃាដគុនខ្មែរធឿន ធារ៉ានឹងត្រូវជួបតទល់ប្តូរកណ្តាប់ដៃជាមួយម្ចាស់ខ្សែក្រវ៉ាត់មកពីប្រទេសចិន ខៃ ហ្សេបពីង (CAI ZEPING) ក្នុងជំនួបលក្ខណៈKick Boxing ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ ចាប់ពីម៉ោង ៨យប់តទៅ នៅលើដីឡូតិ៍មួយកន្លែងក្បែរវត្តស្ងួនពេជ្រ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

 

មុនពេលឡើងសង្វៀនប្រកួតនាថ្ងៃស្អែកនេះ ធឿន ធារ៉ា បាននិយាយថា រូបគេរាងភ័យបន្តិចដែរ ព្រោះប្រកួតបិទកែង តែទោះជាយ៉ាងណាក៏ចង់សាកល្បងវិញ្ញសារ Kickboxingនេះដែរ ហើយរូបគេក៏បានអរគុណដល់ស្ថានីយ៍ទូរទស្សន៍ថោន និងក្រុមហ៊ុន GANZBERGដែលបានផ្តល់ឱកាសឱ្យរូបគេបានប្រកួតវិញ្ញសារ Kickboxing បន្ថែមសមត្ថភាព អភិវឌ្ឍន៍ខ្លួនបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះ។

 

នេះជាលើកទី១ហើយដែលធារ៉ាប្រកួតលក្ខណៈឃីកបុកស៊ីង រាងប្លែកបន្តិចសម្រាប់រូបគេផ្ទាល់ ដោយសារកន្លងមកធ្លាប់តែចូលឱបដៃគូ និងវាយកែង ដោយរូបគេភ័យខ្លាចតែដល់ពេលប្រកួតច្រឡំប្រើកែងទេ ព្រោះមិនទម្លាប់ប្រកួតបែបនេះ ប៉ុន្តែគេបានខិតខំស្វែងយល់បានខ្លះហើយពីលក្ខណៈការប្រកួតបែបនេះ ។

 

ទោះជាយ៉ាងណា ធារ៉ាបានដាក់គោលដៅប្រឹងឱ្យអស់ពីសមត្ថភាពដោយនៅតែជឿជាក់លើការប្រើកណ្តាប់ដៃរបស់ខ្លួនដដែល ហើយបានដាក់ក្តីរំពឹងថា នឹងទទួលបានជ័យជំនះ៧០ភាគរយ រូបគេក៏បានអរគុណទៅកាន់អ្នកគាំទ្រ ហើយបានផ្តាំឱ្យអ្នកគាំទ្រកុំភ្លេចទៅទស្សនា និងលើកទឹកចិត្តដល់រូបគេផង៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២