សកម្មជនPa-O បានធ្វើការស្តីបន្ទោសការស្លាប់ជនស៊ីវិលចំនួន ៦៦នាក់ ជាស្នាដៃរបបយោធាមីយ៉ាន់ម៉ា

បើយោងតាម The Irrawaddy ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសានេះបានឱ្យដឹងថា ការស្លាប់ជនស៊ីវិលសរុបចំនួន 66 នាក់ត្រូវបានរាយការណ៍នៅក្នុងតំបន់ស្វយ័ត Pa-O នៃរដ្ឋ Shan ភាគខាងត្បូងនៅក្នុងរយៈពេលបីខែនៃការប្រយុទ្ធគ្នាដោយអង្គការយុវជនប៉ាអូ (PYO) ។ PYO បាននិយាយកាលពីថ្ងៃចន្ទថា ជនរងគ្រោះភាគច្រើនត្រូវបានសម្លាប់ដោយការបាញ់ផ្លោង ការវាយប្រហារតាមអាកាស និងការស្លាប់នៅក្នុងការឃុំឃាំងរបស់របបយោធាមីយ៉ាន់ម៉ា។


ការប៉ះទង្គិចគ្នារវាងកងទ័ពរំដោះជាតិប៉ាអូ (PNLA) និងរបបយោធា និងកងទ័ពជាតិប៉ាអូដែលជាសម្ព័ន្ធមិត្ត (PNA) បានផ្ទុះឡើងជាលើកដំបូងនៅភូមិ Sam Hpu ក្នុងក្រុង Hopong កាលពីថ្ងៃទី 21 ខែមករា។ PNLA ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ថ្នាក់​ជាតិ​ឆ្នាំ ២០១៥ បាន​ដណ្តើម​យក​ក្រុង Hsi Hseng កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា។ នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល PNLA បាន​វាយ​ប្រហារ​ក្រុង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។ ចាប់តាំងពីពេលនោះមក របបយោធានេះបានព្យាយាមដណ្តើមយក Hsi Hseng មកវិញ។

នៅអំឡុងពេល៩១ថ្ងៃនៃការប៉ះទង្គិចគ្នារបស់ប៉ា-អូ របបនេះបានបាញ់ផ្លោងជាង 2,929 គ្រាប់ បើកការវាយប្រហារតាមអាកាសជាង 462 ដង សម្លាប់ជនស៊ីវិលចំនួន 66 នាក់ក្នុងនោះមានកុមារ 11 នាក់ និងជនស៊ីវិល 79 នាក់ផ្សេងទៀតរងរបួស។


បើយោងតាម The Irrawaddyដដែលបានឱ្យដឹងទៀតថា ជនស៊ីវិលជាង 71 150 នាក់នៅទីប្រជុំជន Hsi Hseng, Hopong, Pinlaung និង Nyaung Shwe ត្រូវបានរាយការណ៍ថាត្រូវបានផ្លាស់ទីលំនៅ។ PYO បានរាយការណ៍ថា ក្នុងនោះមនុស្សចំនួន 53, 000 នាក់ត្រូវបានផ្លាស់ទីលំនៅពី Hsi Hseng, ចំនួន15,000នាក់ មកពី Pinlaung, ចំនួន1,000នាក់មកពី Hopong និងចំនួន 2,150នាក់ ដោយមិនរាប់បញ្ចូលជនស៊ីវិល Karenni មកពី Nyaung Shwe ។ហើយជនស៊ីវិលមួយចំនួនត្រូវបានបង្ខំឱ្យត្រឡប់ទៅផ្ទះវិញ ដោយកងកម្លាំងរបបយោធា និង PNA ។

បើតាមអង្គការ PYO បានរាយការណ៍ថា នៅក្នុងតំបន់ប៉ាអូ នៅអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេលបីខែ ជនស៊ីវិល១៨នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោង, ១៦នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាស និង ១៦នាក់ទៀតបានស្លាប់នៅក្នុងការឃុំឃាំង។នៅទីក្រុង ស៊ីហេង ផ្ទះចំនួន ៥៦២ ខ្នង,អគារសាសនាចំនួន ២៥ខ្នង, សាលារៀនចំនួន ១២, មន្ទីរពេទ្យ ឬគ្លីនិកចំនួន ៤ និងផ្សារចំនួន ១ ត្រូវបានបំផ្លាញដោយរបបយោធា និង PNA ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២