ពិតជាគួរឲ្យសរសើរមែន! ឥណ្ឌារៀបចំការប្រកួតគុនល្បុក្កតោលើកទី១ ដ៏ជោគជ័យ និងផ្អើលពេញប្រទេសឥណ្ឌា

សហព័ន្ធគុនល្បុក្កតោឥណ្ឌាបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ (1st Kun Bokator Federation Cup 2024) ទទួលបានជោគជ័យ ដោយមានកីឡាករ កីឡាការិនីប្រមាណជា២០០នាក់បានចូលរួមប្រកួត។

តាមសហព័ន្ធគុនល្បុក្កតោឥណ្ឌាបានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះមានវិញ្ញាសាកម្រិតកុមារ វិញ្ញាសាយុវជន វិញ្ញាសាកម្រិតមនុស្សធំទាំងបុរស និងនារី។ អត្តពលិកទាំងអស់ប្រមាណជា២០០នាក់បានចូលរួមប្រកួតដែលមកពីរដ្ឋ១២ផ្សេងគ្នានៅក្នុងប្រទេសឥណ្ឌា។ ការប្រកួតមានរយៈពេល២ថ្ងៃគឺទី២០-២១ ខែមេសា ឆ្នាំ២០២៤ នៅទីលាន Shirdi ក្នុងរដ្ឋ Maharashtra។

 

សហព័ន្ធគុនល្បុក្កតោឥណ្ឌាក៏បានអរគុណដល់សហព័ន្ធគុនល្បុក្កតោអន្តរជាតិដែលបានជួយគាំទ្រក្នុងការរៀបចំឲ្យព្រឹត្តិការណ៍លើកដំបូងនេះទទួលបានជោគជ័យ។

ក្នុងចំណោមសាលាគុនល្បុក្កតោនៅឥណ្ឌាដែលបានចូលរួមគឺមានសាលារៀនមួយឈ្មោះ Matheran Velley English Medium School បានបញ្ជូនកីឡាករ កីឡាការិនីជាច្រើននាក់ចូលរួមប្រកួត។ ពួកគេបានឈ្នះមេដាយមាស៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង។អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនក៏បានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។

នៅក្នុងកម្មវិធីបានបញ្ជាក់ថា គុនល្បុក្កតោត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) និងជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២