បុរសវ័យចំណាស់ម្នាក់កំពុងតែបោសសំរាមនៅមុខផ្ទះសុខៗស្រាប់តែបុរសញៀនថ្នាំម្នាក់ទាញកាំបិតផ្គាក់កាប់ចំក្បាលបណ្តាលឱ្យរងរបួសធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ

មិនដឹងថា មានរឿងគំនុំអ្វីនោះទេ បុរសវ័យសំណាស់ម្នាក់កំពុងតែបោសសំរាមនៅមុខផ្ទះសុខៗស្រាប់តែមានជនដៃដល់ម្នាក់បានទាញកាំបិតផ្គាក់មកកាប់ត្រូវចំក្បាលបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 16 និង 20 នាទីល្ងាចថ្ងៃទី 24 ខែមេសាឆ្នាំ 2024 នៅចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមលោកលោកវីរៈសេនីយ៍ឯក យី វ៉ាន់ដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះកែវ នាង ភេទប្រុសអាយុ 60 ឆ្នាំមានទីលំនៅ នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល មានមុខរបរជាមន្ត្រីរាជការបានរងរបួសចំក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះភ្លាមៗ។ ចំណែកជនសង្ស័យមានឈ្មោះកែវ វីរៈ ភេទប្រុសអាយុ 32 ឆ្នាំមានទីលំនៅដូចនឹងជនរងគ្រោះដែរ មុខរបរមិនពិតប្រាកដ ជននេះមានសារធាតុញៀនហើយត្រូវបានឃាត់ខ្លួនជាមួយនឹងវត្ថុតាងកាំបិតផ្គាក់ដងឬស្សីប្រវែង 0.73មែត្រ ។

លោកអធិការបានបន្តទៀតថា ជនសង្ស័យធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែឱកាសខ្ញុំចំនួនមួយខែម្តងមកហើយ ហើយនៅថ្ងៃកើតហេតុនៅពេលជនរងគ្រោះកំពុងតែបោសសំរាមនៅមុខផ្ទះ ក៏ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ផ្ទះហាក់ដូចជាមានកំហឹងយ៉ាងខ្លាំងបានទាញយកកាំបិតផ្គាក់មកកាប់លើបុរសជនរងគ្រោះ រួចជនសង្ស័យក៏បានដើរចេញមកផ្ទះខ្លួនឯងវិញធម្មតា។ ហើយក៏ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកឬស្សីសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅឃាត់ខ្លួនបានភ្លាមៗយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនមានគំនុំជាមួយជនរងគ្រោះជាយូរមកហើយ ហើយក៏បានទាញកាំបិតកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ដើម្បីរំសាយកំហឹង ហើយជនសង្ស័យក៏មិនបានប្រាប់ថាតើជាគំនុំរឿងអ្វីនោះដែរ។

 

បើតាមអ្នកស្រុកភូមិនៅទីនោះបានប្រាប់អ្នកយកព័ត៌មានរបស់យើងថា ជនល្មើសរូបនេះ ជាមនុស្សញៀនថ្នាំ និងតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនោះស្ទើរតែរាល់ថ្ងៃ ជននេះធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែរួចម្តងមកហើយ ប៉ុន្តែពេលចេញមកវិញមិនរាងចាល បែរជាប្រព្រឹត្តអំពើល្មើសបែបនេះទៀត។ប្រជាពលរដ្ឋក្នុងស្រុកភូមិកំពុងរងចាំមើលចំណាត់ការរប​ស់អាជ្ញាធរចំពោះជនកំណាចនេះ ហើយបានសំណូមពរដល់អាជ្ញាធរឱ្យដាក់ទោសទណ្ឌដល់ជននេះឱ្យបានធ្ងន់ធ្ងរជាទីបំផុត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២