ជនជាតិចិន ៦នាក់​ និងខ្មែរ​ ២នាក់ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់មកពីប្រទេសឡាវចូលមកប្រទេសកម្ពុជា

ក្រចេះ៖​ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនជាតិចិនចំនួន​ ៦នាក់​ និងខ្មែរ​ ២នាក់ ដែលធ្វើដំណើរតាមរថយន្ត lexus​ មួយគ្រឿងត្រូវបាន​បញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ។

ក្រុមជនជាតិចិនទាំងនោះត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus 470 ពណ៌ស្ករស្លាកលេខភ្នំពេញ2G.4697​ មួយគ្រឿង កាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំបូរបានឲ្យដឹងថា រថយន្ត lexus 470 ពណ៌ស្ករ ដឹកក្រុមជនជាតិចិននោះ ត្រូវបានគេសង្ស័យថា គឺឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូកមកទឹកដីកម្ពុជា ដោយមានមេខ្យល់ជាជនជាតិខ្មែរចំនួនពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវដឹកមកកម្ពុជា​ ដើម្បីយកទៅខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដឹកក្រុមជនជាតិចិននោះ មកដល់ចំណុចទឹកដីអូរគ្រៀង ក៍បានបែកការដោយសារតែរថយន្តនេះជាមុខសញ្ញាធ្លាប់ដឹកជនជាតិចិនខុសច្បាប់កាលពីពេលកន្លងទៅ ក្រោយពីដឹងពត៌មានបែបនេះ កម្លាំងសមត្ថកិច្ចក៏បើករថយន្តតាមក្រោយ រថយន្ត lexus 470​ របស់ចិនដែលកំពុងជិះ ក៏ធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិននោះភ័យ ក៏បើករត់គេចចេញពីផ្លូវជាតិ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាមបើករត់គេច ដោយសភាពការណ៍មិនស្រួលក៏បានចតរថយន្តទុកចោល រីឯជនជាតិចិន​ និងមេខ្យល់ខ្មែរពីរនាក់នោះក៏បាននាំគ្នារត់គេច តែទោះជាយ៉ាងណាសមត្ថកិច្ចសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់​ និងប្រជាការពារភូមិក៏ចាប់ជនបានមនុស្សទាំងអស់នោះមកវិញ។

 

លោក វរៈសេនីយ៍ឯក ជ្រិន សុធា​ អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបានក្រុមជនជាតិចិនទាំងនោះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះរួចរាល់ហើយ។

ដោយឡែក លោកឧត្តមសេនីយទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ក៏បានឲ្យដឹងដែរថា ឥឡូវនេះកម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរនៅឡើយ ដើម្បីបន្តចាត់ការទៅតាមតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២