តើជាកំហុសអ្នកណា?បុរសម្នាក់កំពុងជិះម៉ូតូដឹកនារីជាសង្សារនៅតាមផ្លូវសុខៗស្រាប់តែដើមឈើងាប់១ដើមដួលរលំសង្កត់ពីលើបណ្តាដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗ

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន បុរសម្នាក់កំពុងជិះម៉ូតូដឹកនារីជាសង្សារធ្វើដំណើរ តាមផ្លូវសុខៗ ស្រាប់តែ ត្រូវដើមឆ័ត្រងាប់១ដើមបាក់រលំសង្កត់លើ បណ្ដាលឱ្យបុរសជាសង្សារ ដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គល់ស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមព័ត៌មានដែលទទួលបាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ប្រុស នារី ជាគូសង្សារនឹងគ្នា មួយគូនេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ នំពេញ 1HQ-3562 ឌុបគ្នា ធ្វើដំណើរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះចុះពីលើស្ពានអាកាស៧មករា បានជាង១០០ម៉ែត្រ ដោយជិះអែបខាង ក៏ស្រាប់តែដើមឆ័ត្រងាប់ពុកគល់១ដើម បានរលំសង្កត់លើជនរងគ្រោះទាំង២នាក់ខាងលើ បណ្ដាលឱ្យអ្នកបើកបរម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ ហើយរថយន្តសង្គ្រោះក៏បានមកដឹកយកជនរងគ្រោះទៅសង្គ្រោះដែរ ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យផង ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់។

ក្រោយពីជនរងគ្រោះស្លាប់ នារីជាសង្សារក៏បានទាក់ទងទៅក្រុមគ្រួសារ ហើយបានឱ្យរថយន្តដឹកយកសពទៅតម្កល់វត្តទួលអស់លោក ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី១ ដើម្បីរង់ចាំប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២