ភក្តី គុនខ្មែរ បានធ្វើឱ្យកក្រើកសង្វៀននៅប្រទេសជប៉ុន ជាមួយការនាំយកភាពជោគជ័យ និងពានមកជូនជាតិមាតុភូមិវិញ កាលពីយប់ម៉ិញ

ភ្នំពេញ៖ ក្រោយពីបានបំពេញបេសកកម្មនៅលើសង្វៀនដ៏ល្បីឈ្មោះនៅប្រទេសជប៉ុន Knock Out អ្នកលេងកែងគុនខ្មែរ ភក្តី គុនខ្មែរ បានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនាវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤នេះ ដោយមានវត្តមានរបស់ឯកឧត្តម វ៉ា សុធា ស្វាមីលោកជំទាវ ឧកញ៉ា ជួប មាន បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីជាការលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងផងដែរ។

រួមដំណើរជាមួយកីឡាករជើងខ្លាំង ដែលទើបតែឈ្នះពានតំណាងគុនខ្មែរ នាប្រទេសជប៉ុនកាលពីពេលថ្មីៗនេះគឺមានស្ថាបនិកប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ថោន លោកTommy , ផលិតករប្រដាល់លោកជួប វុត្ថា រួមទាំងថ្នាក់ដឹកនាំសហការីនៃស្ថានីយទូរទស្សន៍ថោន ជាច្រើនរូបទៀត។

ការប្រកួតនៅទឹកដីប្រទេសជប៉ុនលើកនេះ ភក្តី បានធ្វើឲ្យគុនខ្មែរកាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិកាន់តែខ្លាំង ជាពិសេសភាពលេចធ្លោនៃក្បាច់គុន និងកីឡាករគុនខ្មែរ ក្រោយពីអ្នកលេងជើងខ្លាំងគុនខ្មែរមកពីក្លឹបគុនខ្មែរដូនតា បានផ្ដាច់ម្ចាស់ផ្ទះជប៉ុនហ្សីបាតា ហ្សីហ្គោ ដោយកណ្ដាប់ដៃ នាចុងទឹក៣ នៅលើសង្វៀនKnock out ដោយទទួលបានពានរង្វាន់កិត្តិយស ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទុយ រី  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅប្រទេសជប៉ុន ហើយឯកឧត្តមក៍បានឧបត្ថមដល់ភក្តីគុនខ្មែរនូវប្រាក់មួយចំនួនផងដែរដើម្បីជាកាលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើង ថែមទាំងបានកោតស្ងប់ស្ងែង ជាមួយបទភ្លេងគុនខ្មែរដែលរៀបចំដោយក្រុមការងារស្ថានីយ៍ទូរទស្សន៍ថោនទៀតផង។

គួរជម្រាបផងដែរថា ក្រោយពីបញ្ជូនកីឡាករទៅប្រកួតក្រៅស្រុកទទួលបានជោគជ័យគួរជាទីមោទនៈនេះ ស្ថាបនិកប្រដាល់ប្រចាំស្ថានីយ៍ទូរទស្សន៍ថោនក៏បានរៀបរាប់ពីចំណាប់អារម្មណ៍បែបនេះថា “យើងបានបង្ហាញនូវសិល្បៈ និងក្បាច់គុនរបស់យើង  ហើយក៏ទទួលបានការចាប់អារម្មណ៍ ព្រមទាំងការសហប្រត្តិបត្តិការគុនខ្មែរ ជប៉ុន រួមគ្នានាពេលខាងមុខឆាប់ៗនេះទៀតផង។ក្នុងនោះដែរ តាងនាមខ្ញុំជំនួសឱ្យថ្នាក់ដឹកនាំកីឡាករគុនខ្មែរមកប្រទេសជប៉ុន ក៏សូមថ្លែងធំណរគុណដល់ ឯកឧត្តម វ៉ាសុធា និងលោកជំទាវឧកញ៉ាជួប មាន និងក្រុមហ៊ុនហ្គេនបឺត ដែលតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការលើកស្ទួយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងក្លឹបគុនខ្មែរដូនតា សូមសំដែងមោទនភាព និងអរគុណ ដល់លោក Elit Sorn ជាស្ថាបនិកក្លឹបនាយកដ្ឋានអង្គរក្ស ដែលបានលះបង់កំលាំងកាយ ចិត្ត ញើសឈាម ចូលរួមបង្កើតធនធានគុនខ្មែរយ៉ាងច្រើនរួមមាន៖ ភក្តីគុនខ្មែរ សាន់គុនខ្មែរ និងកីឡាករផ្សេងៗទៀតនៅក្នុងក្លឹបគុនខ្មែរដូនតានេះ។

ជាចុងក្រោយមិនអាចបំភ្លេចបាន គឺសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ សម្តេចមហាបវរធិបតី ឯកឧត្តម អគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន ឯកឧត្តមប្រធានសហព័ន្ធទាំង2 ដែលបានជួយជ្រោមជ្រែងឱ្យការដឹកនាំកីឡាករមកប្រកួតលើកនេះទទួលបានជោគជ័យ… ហើយអ្វីដែលជាមោទនភាពរបស់ពួកខ្ញុំថែមទៀតនោះ គឺហ្វេនគាំទ្រគុនខ្មែរទាំងអស់ ព្រោះមេធំជប៉ុន បានមើលឃើញរូបភាព ក៏ដូចជាការឡាយប្រដាល់របស់ថោន ឃើញបងប្អូនគាំទ្រគុនខ្មែរ មកគាំទ្រភ្លូកទឹក ភ្លូកដី ធ្វើឱ្យគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែន មិននឹកស្មានថា គុនខ្មែរខ្លាំងយ៉ាងនេះសោះ ” នេះគឺជាចំណាប់អារម្មណ៍របស់លោកTommy Kim ក្រោយពីបាននាំយកទង់ជាតិកម្ពុជា និងគុនខ្មែរទៅឡើងសង្វៀននៅលើឆាកអន្តរជាតិទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយមានការសហការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនGanzberg Beer ស្រឡាញ់គុនខ្មែរលើកស្ទួយគុនខ្មែរទៅកាន់ពិភពលោក ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២