ព្រះខ័នរាជស្វាយរៀងពិតជាខ្លាំងមែន ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ពីព្រឹត្តិការណ៍ប្រកួតដ៏តានតឹងកាលពីយប់ម៉ិញនេះ

ភ្នំពេញ៖ ចូលរួមអបអរសាទរដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលបានក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២០២៤ សម្រាប់រដូវកាលដំបូងក្រោមការដឹកនាំរបស់ លោក Jisep Munoz គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ។

ព្រះខ័នរាជស្វាយរៀងបានក្លាយជាម្ចាស់ពានរង្វាន់ដ៏ធំប្រចាំប្រទេសមួយនេះ ក្រោយពីការប្រកួតនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ ២០២៤ ក្រោមការប្រកួតយ៉ាងតានតឹងរហូតដល់ ១២០ នាទី ទើបអាចរកឃើញ និងកាត់សេចក្តីថាក្រុមណាជាម្ចាស់ពានដ៏ធំនេះ ។

គ្រាប់បាល់ដែលនាំសំណាងឲ្យព្រះខ័ន្ធរាជស្វាយរៀងយកឈ្នះកាលពីយប់មិញនេះ គឺដោយខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Harber ស៊ុតជើងឆ្វេងនៅនាទី ១០៩ តាមរយៈបច្ចេកទេសទប់បាល់នៅលើទ្រូងបន្ទាប់ពីទទួលបានបាល់ពីខ្សែបម្រើស្លាបសញ្ជាតិប្រេហ្ស៊ីលមិត្តរួមក្រុមរបស់ខ្លួន Gabriel Silver នេះជាគ្រាប់បាល់តែមួយគត់ដែលមាននៅក្នុងការប្រកួតកាលពីយប់ម៉ិញនេះ ។

គួរជម្រាបផងដែរថា នេះជាលើកទី៥ហើយ ដែលព្រះខ័ន្ធរាជស្វាយរៀងបានឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីធ្លាប់បានឈ្នះ ៤ លើកន្លងមក និងធ្លាប់ទទួលបានជើងឯករង៤ដង។

ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ២ គឺភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្លឹបបាល់ទាត់វិសាខា ក្រោយពីការប្រកួតយ៉ាងតានតឹង ១២០ នាទីរហូតឈានចូលដល់ការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្របន្ថែម។

នេះជាការប្រកួតដ៏កក្រើកប្រចាំរាជធានីភ្នំពេញកាលពីយប់ម៉ិញ ដែលមានចំនួនអ្នកចូលទស្សនាផ្ទាល់សរុបរហូតទៅដល់ ២៩ ៧៦៩នាក់ ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ដែលយើងទាំងអស់គ្នាគួរតែមានមោទនភាព ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២