សូមប្រយ័ត្នប្រយែងបងប្អូន មានល្បិចបោកថ្មីទៀតហើយ! បុរសជាសន្តិសុខម្នាក់បែកកង់ម៉ូតូកំពុងបណ្តើរតាមផ្លូវ ស្រាប់តែមានបុរសអ្នករត់ម៉ូតូកង់បីម្នាក់ធ្វើជាចិត្តល្អចង់ជួយ តែតាមការពិតជាចោរសោះ!

រាជធានីភ្នំពេញ ៖ សូមប្រយ័ត្នប្រយែងបងប្អូនមានល្បិចបោកប្រាស់ថ្មីទៀតហើយ មានបុរសជាសន្តិសុខឯកជនម្នាក់បានជិះម៉ូតូចេញពីធ្វើការស្រាប់តែបែកកង់ម៉ូតូតាមផ្លូវ ហើយក៏បានបណ្ដើរទៅរកកន្លែងប៉ះកង់ គាប់ជួនពេលនោះស្រាប់តែមាន​បុរសជាអ្នករត់កង់បីម្នាក់ ធ្វើជាចិត្តល្អ ចង់ជួយ និងឱ្យស្ករគ្រាប់១គ្រាប់កាន់ ហើយក៏ស្រាប់តែបុរសជាសន្តិសុខរូបនោះលែងដឹងខ្លួន ត្រូវបុរសជាអ្នក​រត់​កង់បីយកទូរស័ព្ទ១គ្រឿងទៅបាត់ស្រមោលតែម្ដង ។​

ហេតុការណ៍នេះ​បាន​បង្កឱ្យមានការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​១០ និង៥០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅជិតស្ពានអាកាសក្បាលថ្នល់សាងសង់ថ្មី (មរតកតេជោ)សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ជនរងគ្រោះមានឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅ បន្ទប់ជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពពី​បុរសជាសន្តិសុខរងគ្រោះ​បានឱ្យដឹងថា មុនពេលកើតហេតុ គាត់​បានជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម ចេញពីយាមនៅក្រុមហ៊ុនស្មាត ផ្លូវព្រះមុនីវង្ស ហើយគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំផ្លូវចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ លុះជិះចេញបានបន្តិច ក៏ស្រាប់តែម៉ូតូរបស់គាត់បែកកង់ខាងក្រោយ ទើបរូបគាត់ក៏បានបណ្ដើរម៉ូតូ ទៅរកកន្លែងប៉ះម្ដុំស្ពានអាកាសក្បាល​ថ្នល់សាងសង់ថ្មី ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូកង់បីខ្មែរមកដល់ ក៏បានសួរនាំចង់ជួយ ហើយឱ្យរូបគាត់លើកម៉ូតូដាក់​កង់បី តែគាត់មិនព្រម ហើយបុរសរូបនោះបានឱ្យស្ករគ្រាប់១គ្រាប់តូចឱ្យរូបគាត់ ។ ខណៈគាត់កាន់ស្កគ្រាប់​មិនទាន់បានហូបផង ក៏ស្រាប់តែមាន​អាការៈរាងសឺៗ លែងដឹងអី ហើយបុរសជាអ្នករត់​កង់បីបានយកខ្សែបម្រុងអូសម៉ូតូគាត់ថែមទៀត តែគាត់មិនព្រម ក៏ស្រាប់តែបុរសជាអ្នករត់កង់បី​រូបនោះបានយកទូរស័ព្ទរបស់គាត់ចេញទៅបាត់តែម្ដង ។

ជនរងគ្រោះបានបន្តទៀតថា ដោយសារតែរូបគាត់នៅមានអាការៈសឺៗ ក៏បណ្ដើរម៉ូតូ​រហូតដល់ការ៉ាស់​សាំង កាលតិចផ្លូវ២១៧ កែង៣៧១ សង្កាត់ផ្សាដើមថ្កូវ​ដដែល ក៏បានចូលឱ្យខាងបុគ្គលិកជាអ្នកចាក់សាំងជួយគាត់តែម្ដងទៅ ។

ហើយបន្តិចក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាលោកមេប៉ុស្តិ៍ផ្សារ​ដើមថ្កូវ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុ ណាមួយជនរងគ្រោះ នៅនិយាយមិនដឹងអីនៅឡើយទេ ទើបសមត្ថកិច្ចសម្រេចនាំជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវដើម្បីសួរនាំ និងដាក់ពាក្យបណ្ដឹង​នៅពេលជនរងគ្រោះមានស្មារតីឡើងវិញ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២