សាកសមជា idol ក្នុងចិត្តហ្វេនជុំវិញពិភពលោកមែន!  កីឡាករ Ryan Garcia សន្យាបរិច្ចាគប្រាក់ចំនួន២០លានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះនៅតំបន់ហ្គាហ្សា

ភ្នំពេញ៖ Ryan Garcia ជាកីឡាករប្រដាល់រូបសង្ហារកំពុងឆាបយកបេះដូងអ្នកគាំទ្រជាខ្លាំង ក្រោយពីទទួលបានជ័យជម្នះលើ Devin Haneyកាលពីពេលថ្មីៗនេះ ក្រោយមក Garcia បានសន្យាបរិច្ចាគប្រាក់ចំនួន២០លានដុល្លារ ជួយដល់ជនរងគ្រោះនៅតំបន់ហ្គាហ្សា។

យោងតាមប្រភពពីកាសែត Marca របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះបានឱ្យដឹងថា អ្នកប្រដាល់សកលឆ្នើមវ័យក្មេងសញ្ជាតិអាមេរិក Ryan Garcia កាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាប្រដាល់ជុំវិញពិភពលោក បន្ទាប់ពីរូបគេបានបង្ហាញអារម្មណ៍រំជើបរជួល ចំពោះសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងស្ថានភាពដ៏លំបាករបស់ប្រជាជនប៉ាឡេស្ទីន ដែលជាកត្តាជំរុញឱ្យរូបគេយកឈ្នះការប្រកួតទល់នឹងកីឡាកររួមជាតិ Devin Haney កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈការបញ្ជាក់ក្នុងបទសម្ភាស កាលពីពេលថ្មីៗនេះ ជាមួយកម្មវិធី PBD Podcast របស់លោក Patrick Bet-David អ្នកប្រដាល់មាឌល្អិត Ryan Garcia បានស្វែងយល់យ៉ាងច្បាស់អំពីស្ថានភាព ដែលកំពុងបន្តកើតឡើងនៅតំបន់ហ្គាហ្សា។ ភ្លាមៗនោះ Ryan Garcia ត្រូវបានសួរអំពីការបង្ហោះសាររបស់គេ កាលពីខែមីនាកន្លងទៅ ដែលបានសន្យាថានឹងបរិច្ចាគប្រាក់ ២០លានដុល្លារអាមេរិកជួយដល់ជនរងគ្រោះ ជាពិសេសកុមារ នៅតំបន់ហ្គាហ្សា បន្ទាប់ពីការប្រកួតទល់នឹង Devin Haney កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលក្រោយមករូបគេបានឈ្នះដោយពិន្ទុ។

កីឡាករ Ryan Garcia គ្រោងនឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅរយៈពេលពីរសប្តាហ៍ខាងមុខ ហើយបើតាមការបញ្ជាក់របស់ Ryan Garcia រូបគេនៅតែប្រកាន់ខ្ជាប់ពាក្យសន្យារបស់គេ នឹងបរិច្ចាគប្រាក់ ២០លានដុល្លារ ដែលបានមកពីការប្រកួតកន្លងមក ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជីវិតកុមារ ដែលរងផលប៉ះពាល់ដោយជម្លោះនៅតំបន់ហ្គាហ្សា។

គួរជំរាបផងដែរថា Ryan Garcia អ្នកប្រដាល់មាឌល្អិតរហ័សដូចផ្លេកបន្ទោរវ័យ២៥ឆ្នាំ ឆ្លងកាត់ការប្រកួតចំនួន២៦លើក ឈ្នះ២៥ ចាញ់១ និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន២០លើក កីឡាករឆ្នើមរូបនេះ បានថ្លែងថា «គ្រប់យ៉ាងដែលខ្ញុំធ្វើគឺសម្រាប់ការជួយកុមារ។ ខ្ញុំមិនមែនជាផ្នែកណាមួយនៃក្រុមហាម៉ាសទេ។ ខ្ញុំស្រឡាញ់អ៊ីស្រាអែល ហើយអ៊ីស្រាអែលស្រឡាញ់ខ្ញុំ។ ខ្ញុំស្រឡាញ់ប្រជាជនមកពីហ្គាហ្សា និងប៉ាឡេស្ទីន។ អ្នកអាចស្អប់ខ្ញុំគ្រប់យ៉ាងដែលអ្នកចង់។ ប្រសិនបើខ្ញុំនឹងផ្ញើ ២០លានដុល្លារទៅហ្គាហ្សា ខ្ញុំក៏នឹងផ្ញើ ២០លានដុល្លារទៅអ៊ីស្រាអែលដែរ ដែលជាជំនួយជួយដល់កុមារ»៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២