ក្លឹបព្រះខ័នរាជស្វាយរៀងមួយរយៈនេះ រាសីឡើងខ្ពស់ត្រដែត បន្ទាប់ពីក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់សម្តេចតេជោហើយនោះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារបន្ថែមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈទៀត

ភ្នំពេញ៖ ក្រោយពីឈ្នះបានពានរង្វាន់ដ៏ធំនៅក្នុងប្រទេសកាលពីពេលថ្មីៗនេះ ព្រះខ័នរាជស្វាយរៀងកាន់តែកាក់កបបន្ថែមទៀតក្រោយពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) រវាងក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបភ្នំពេញក្រោន ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែមេសាកន្លងទៅ។

ក្នុងនាមជាដៃគូសហការរបស់ក្លឹប ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ដល់ក្លឹបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមអបអរសាទរជ័យជម្នះដ៏រីករាយនេះ។ លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមចែកជូនភេសជ្ជៈ វី-អាកទីវ ទាំង៥ ប្រភេទ ដោយឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ជិត៣ម៉ឺននាក់ផងដែរ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រោយការប្រកួតដ៏តានតឹងរវាងក្រុមជើងខ្លាំងទាំង២នេះ បានរកឃើញម្ចាស់ពាននៅនាទីទី១២០ ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Marcus Haber ធ្វើឲ្យក្លឹបព្រះខ័នរាជស្វាយរៀង យកជ័យជម្នះក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧នេះ។

នេះជាការបង្ហាញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា ក៏ដូចជាការចូលរួមចំណែកលើកទឹកចិត្តកីឡាករក្នុងស្រុកឱ្យខិតខំបន្ថែមទៀត នារដូវកាលក្រោយៗ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២