ប្រជាពលរដ្ឋនៅតាមមាត់ច្រាំទន្លេក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរបាននាំគ្នាផ្តិតមេដៃស្នើសុំឱ្យមានការចាក់ថ្មដើម្បីការពារច្រាំងទន្លេនៅតំបន់នោះកុំឱ្យមានការបាក់ស្រុតបន្តទៀត តែរដ្ឋបាលខេត្តកំពង់ចាមថា ច្រាំងទន្លេនៅតំបន់នោះ ស្ថិតក្នុងគម្រោងជួសជុលក្នុងពេលឆាប់ៗនេះ

ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវស្សាឬទឹកឡើងចូលមកដល់ដីនៅតាមមាត់ច្រាំងទន្លេមេគង្គនៅក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែងតែមានការបាក់ស្រុតរហូតមានប្រជាពលរដ្ឋខ្លះបានរំកិលផ្ទះរបស់ពួកគាត់ចូលទៅខាងក្នុងដើម្បីចៀសវាងហានិភ័យបាក់ស្រុតដល់ផ្ទះរបស់ពួកគាត់។ហើយមានអ្នកខ្លះទៀតបានរុះរើសផ្ទះសម្បែងផ្លាស់ប្តូរទីលំនៅ ទៅនៅទីកន្លែងឆាយៗពីមាត់ច្រាំងទន្លេ។បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួន ដែលមានដី ឬផ្ទះនៅជិតមាត់ច្រាំងទន្លេមេគង្គនៅក្នុងស្រុកភូមិខាងលើនេះ ដែលពួកគាត់មានលទ្ធភាពបានទិញដី ឬថ្មចាក់ដើម្បីការពារកុំឱ្យច្រាំងទន្លេបាក់ស្រុតចូលទៅក្នុងទឹកទន្លេបន្តទៀត។

ប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ បានប្រាប់ភ្នាក់ងារព័ត៌មានរបស់យើងថា ដីនៅតាមមាត់ច្រាំងទន្លេក្នុងភូមិ ឃុំនេះ បានបាក់ស្រុតជារៀងរាល់ឆ្នាំឱ្យតែរដូវវស្សា ឬរដូវទឹកឡើងចូលមកដល់ ដូច្នេះឥឡូវនេះសម្រាប់អ្នកមានលទ្ធភាពគេបានទិញដី ឬថ្មមកចាក់ទប់មាត់ច្រាំងដើម្បីការពារដីរបស់ពួកគេកុំឱ្យបាក់ស្រុតចូលទៅក្នុងទន្លេបន្តទៀត។បើមិនឱ្យពួកគាត់ដែលមានលទ្ធភាពទិញដី ឬថ្មចាក់នៅតាមមាត់ច្រាំងទន្លេនេះគឺដី ឬផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំនេះកាន់តែខើចទៅៗដោយសារតែការបាក់ស្រុតដីចូលទៅក្នុងទឹកទន្លេនៅពេលខែវស្សា ឬរដូវទឹកឡើងចូលមកដល់។ហើយអ្វីដែលពួកគាត់បានចាក់ដី ឬថ្មនេះមិនបានរំលោភចូលទៅក្នុងទន្លេនោះទេគឺចាក់ជំរាលអែបនឹងមាត់ច្រាំងទន្លេប៉ុណ្ណោះ គ្រាន់តែការពារកុំឱ្យដីមាត់ច្រាំងទន្លេបាក់ស្រុតទៀតប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានព័ត៌មានផ្សព្វផ្សាយថា មានការចាក់ដី ឬថ្មរំលោភចូលទៅក្នុងទន្លេ នៅក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរនោះ កាលពីរសៀលថ្ងៃទី២៩ ខែមេសាម្សិលម៉ិញនេះ រដ្ឋបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ដែលដឹកនាំដោយឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តបានចុះទៅពិនិត្យដល់ទីតាំងនោះ បន្ទាប់ពីបានធ្វើការពិនិត្យហើយនោះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ជាការវាយតម្លៃបឋម ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តយល់ឃើញថា សំណង់នេះហាក់មិននាំទៅ ដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេនោះឡើយ។ ផ្ទុយមកវិញ សំណង់នេះ ទំនងជាអាចជួយទប់ច្រាំងទន្លេមិនឲ្យបាក់ស្រុតបន្តទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមដដែលនេះក៏បានលើកឡើងផងដែរថា ប្រជាជនដែលមានផ្ទះនៅក្បែរសំណង់នោះទាំងអស់ គឺមានការសារទរ ទាំងអស់គ្នា ដ្បិតពួកគាត់យល់ឃើញថា សំណង់នេះនឹងជួយការពារច្រាំងទន្លេមិនឲ្យបាក់ស្រុតមកដល់ផ្ទះរបស់ពួកគាត់។

 

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថា ដើម្បីការពារផ្លូវជាតិលេខ ៧០B ដែលគម្រាមកំហែងដោយការបាក់ច្រាំងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ រដ្ឋបាលខេត្តក៏មានគម្រោងជួសជុលច្រាំងទន្លេនៅតំបន់នោះ​ កុំឲ្យបាក់ស្រុតបន្តនៅពេលឆាប់ៗខាងមុខនេះដែរ។ហើយថា រដ្ឋបាលខេត្តកំពង់ចាម ក៏សូមស្វាគមន៍ចំពោះសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ពិសេសសំណង់ច្រាំងទន្លេ តែសូមឲ្យមានកិច្ចសហការពីអាជ្ញាធរ និងស្ថាប័នជំនាញជាមុនដើម្បីចូលរួមគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងធានាបាននូវតម្លៃនៃសមិទ្ធផល។

គួរជម្រាបផងដែរថា នៅដើមខែមេសានេះ ប្រជាពលរដ្ឋនៅក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានផ្ទះសម្បែងនៅក្បែរតំបន់មាត់ច្រាំងទន្លេដែលបាក់ស្រុតនេះបាននាំគ្នាផ្តិតមេដៃដើម្បីស្នើសុំទៅស្រុក ខេត្តឱ្យមានការចាក់ដី ឬថ្មដើម្បីការពារកុំឱ្យមានការបាក់ស្រុតដីច្រាំងទន្លេមេគង្គនៅតំបន់នោះបន្តទៀត៕

      

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២