ភ្លើងឆេះផ្ទះ១ខ្នងរួមទាំងម៉ូតូចំនួន០៤គ្រឿងទាំងស្រុងនៅខណ្ឌពោធិ៍សែនជ័យ​កាលពីយប់ម៉ិញ

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បណ្ដាលឲ្យខូចខាតផ្ទះ​បាយ​ កន្លែងស្តុបគ្រឿងកាំមេរ៉ា​ ព្រមទាំងម៉ូតូ​សរុប០៤គ្រឿង​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីម៉ោង ៦និង៣០នាទីយប់​ ថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបុរី​ ឡុង​នី​ ហាង​ លីង​ អេឡិចត្រូនិច​ ផ្ទះលេខ០២ ផ្លូវ៣០ម៉ែត្រ​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​   

ក្នុងប្រតិបត្តិការ​នេះដែរ​ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

​   

ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប​,​ រថយន្តជំនួយមកពីរថយន្តក្រុមហ៊ុន​ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់​០១ឡាន​ ស្មើនឹង​០៤ម៉ែត្រគូប​។ប្រភេទសំណង់នេះ គឺ​ ផ្ទះល្វែង​ (ថ្មបេតុង) ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតផ្ទះបាយ​ មួយកន្លែង,​ ស្តុបគ្រឿងកាំមេរ៉ា​ ទំហំ (០៤ម៉ែត្រ​ x ០៣ម៉ែត្រ)​អស់ទាំងស្រុង,​ ឆេះរាលដាលដល់កន្លែងរោងជាង រួមនឹងម៉ូតូចំនួន០៤គ្រឿងអស់ទាំងស្រុងនឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ​ ហើយកម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៧ និង៤៥នាទីយប់នាថ្ងៃដដែល។

​   

ចំពោះគ្រោះអគ្គិភ័យនេះដែរ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីទើបបង្ករជាអគ្គិភ័យ ហើយនៅក្នុងហេតុការណ៍នេះដែរមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២