រដ្ឋាភិបាលរួបរួមជាតិបាននិយាយថា របបយោធាមីយ៉ាន់ម៉ាបានបំផ្លាញមន្ទីរពេទ្យ និងគ្លីនិកចំនួន ៣៥បន្ថែមទៀត ក្នុងរយៈពេលពីរខែកន្លងមកនេះ

យោងតាមរដ្ឋាភិបាលរួបរួមជាតិរបស់ជនស៊ីវិល (NUG) បានឱ្យដឹងថា កងកម្លាំងយោធាមីយ៉ាន់ម៉ាបានបំផ្លាញមន្ទីរពេទ្យ និងគ្លីនិកយ៉ាងហោចណាស់ចំនួន 35 បន្ថែមទៀត ដែលជាមធ្យមរៀងរាល់ពីរថ្ងៃម្តងនៅក្នុងរដ្ឋ Shan, Rakhine, Mon និង Chin និងតំបន់ Magwe ក្នុងរយៈពេលពីរខែចាប់តាំងពីចុងខែកុម្ភៈ។

មន្ទីរពេទ្យ Wun Ma Thuu ក្នុងទីប្រជុំជន Mindat រដ្ឋ Chin ត្រូវបានទម្លាក់គ្រាប់បែកនៅយប់ថ្ងៃទី 25 ខែមេសា ដែលជាគោលដៅចុងក្រោយបំផុតនៃមណ្ឌលសុខភាពដោយស្នាដៃរបបយោធាមីយ៉ាន់ម៉ា។ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​អ្នក​ជំងឺ​បួន​នាក់ ​និង​គ្រូពេទ្យ​ម្នាក់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស។

រដ្ឋាភិបាលរួបរួមជាតិរបស់ជនស៊ីវិលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី 28 ខែមេសាកន្លងទៅនេះថា របបយោធាបានធ្វើការវាយប្រហារតាមអាកាសយ៉ាងជាប់លាប់ និងដោយចេតនាលើតំបន់ដែលមានជនស៊ីវិល និងការវាយប្រហារដោយអមនុស្សធម៌លើវិស័យសុខាភិបាល” ។

នៅថ្ងៃទី 28 ខែកុម្ភៈ NUG បានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលយោធាបានបំផ្លាញមន្ទីរពេទ្យ​ និងគ្លីនិកសរុបចំនួន 308 ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈឆ្នាំ 2021មកនោះ ។ តួលេខនេះបានកើនឡើងដល់ 343 កន្លែង ដែលត្រូវបានបំផ្លាញ ហើយបុគ្គលិកសុខាភិបាល 104 នាក់បានស្លាប់ និង 131 នាក់បានរងរបួស។

NUG បានរាយការណ៍ថា កងទ័ពជុនតាបានបើកការវាយប្រហារសរុបចំនួន 1,293លើក លើវិស័យសុខាភិបាលចាប់តាំងពីរដ្ឋប្រហារមក។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ NUG បានឱ្យដឹងថា របបយោធាក៏បានឃុំខ្លួនបុគ្គលិកពេទ្យជាង 800 នាក់ផងដែរ ដោយការបដិសេធមិនធ្វើការក្រោមការគ្រប់គ្រងរបស់របបយោធា។នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅថ្ងៃនេះ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២