បុរសពោះម៉ាយម្នាក់មានបញ្ហាសតិមិនល្អទៅដេកកណ្តាលផ្លូវ ត្រូវរថយន្តបើកកិនក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានគេអះអាងថា មានបញ្ហាសតិ ទៅដេកកណ្តាលផ្លូវ ត្រូវបានរថយន្តបើកកិនខ្ទេចក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបើកគេចទៅបាត់ ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទាបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សំ រ័ត្ន អាយុ៤០ឆ្នាំ មុខរបរសន្តិសុខ យាមពេលថ្ងៃ នៅក្រុមហ៊ុនកុងតឺន័រ កន្លែងកើតហេតុ ជាបុរសពោះម៉ាយ ប្រពន្ធសុំលែង ស្នាក់នៅផ្ទះជួលក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីសន្តិសុខធ្វើការជាមួយគ្នា បានឱ្យដឹងថា ជនរងគ្រោះតាំងពីប្រពន្ធសុំលែង ច្រើនខែមកហើយ រស់នៅតែម្នាក់ឯង (មានបញ្ហាផ្លូវចិត្ត) សឹងក្លាយជាមនុស្សវិកលចរឹកទៅហើយ សតិមិនប្រក្រតីម្តងៗ ដោយឃើញនៅម្នាក់ឯងអាណិត ទុកឱ្យនៅបន្តធ្វើការងារយាមក្រុមហ៊ុនកុងតឺន័រពេលថ្ងៃ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះដេកនៅកណ្តាលផ្លូវបេតុង ខាងមុខច្រកចូល ផែកុងតឺន័រ លុះរហូតដល់ម៉ោង៤ព្រឹក ស្រាប់តែប្រទះឃើញស្លាប់ ក្នុងសភាពខ្ទេចក្បាល ធ្លាយខួរ ស្នាមរថយន្តបើកកិនពីលើ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌកំបូលចុះទៅពិនិត្យ ដោយរកសាច់ញាតិមិនទាន់ឃើញ ទើបដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវស្វែងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២