ឃោរឃៅណាស់! ខឹងប្រពន្ធវិលទៅយកប្តីដើមវិញ បុរសជាប្តីក្រោយទាញកាំបិតផ្គាក់កាប់ប្រពន្ធបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម

ខេត្តកំពង់ចាម ៖ ដោយសារតែខឹងប្រពន្ធវិលទៅយកប្តីដើមវិញ បុរសម្នាក់ដែលជាប្ដីក្រោយបានទាញកាំបិតផ្គាក់យកទៅកាប់ប្រពន្ធ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណជា៥ និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បន្ទាប់ពីសម្លាប់ប្រពន្ធហើយ ជនដៃដល់ជាប្តីក្រោយបានយកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចខ្លួនចូលទៅក្នុងព្រៃ ។ក្រោយពីហេតុការណ៍នេះកើតឡើង និងទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើកប្រតិបត្តិការតាមចាប់ខ្លួនបុរសជនដៃដល់ទាំងយប់ និងចំណាយពេលជាច្រើនម៉ោង រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចឃាតករជាប្ដីបាន ខណៈកំពុងជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់ ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចម្ការលើ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា បុរសរូបនេះមានឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ត្រូវចំក និងដៃ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយជននេះបានជិះម៉ូតូ ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ បានឱ្យដឹងទៀតថា មូលហេតុនៃការកាប់ប្រពន្ធនេះគឺបន្ទាប់ពីពួកគេទាំង២នាក់បានព្រមព្រៀងលែងលះគ្នាវិញ តែដោយដឹងថាប្រពន្ធខ្លួននឹងទៅយកប្តីដើមវិញ ក៏បានអន្ទងប្រពន្ធហៅផឹកស៊ីរួចមានឱកាសកាប់សម្លាប់តែម្ដង ។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវដល់ ទីកន្លែង និងតាមចាប់ទាំងយប់ ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩​ និង៧នាទី ទើបកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រមទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសាលា បឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាកាប់ប្រពន្ធមែន ហើយជននេះមានសារធាតុញៀនក្នុងខ្លួន ។នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកចម្ការលើ ដើម្បីសាកសួរតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

 

បើតាមព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយ ប្ដីមុនគឺមានកូនម្នាក់ ។ ឥឡូវនេះសមត្ថកិច្ចជំនាញកំពុងចាត់ការបន្តតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២