ពិតជាមិនធម្មតាមែន! បន្ទាប់ពីក្រសោបបានពានដ៏ធំមួយហើយ ព្រះខ័នរាជស្វាយរៀង ត្រៀមលើកពានដ៏ធំមួយទៀត ធ្វើឱ្យអ្នកគាំទ្របាល់ទាត់ស្ញើចសរសើរគ្រប់គ្នា

ភ្នំពេញ៖ឆ្នាំនេះអាចនិយាយបានថាជាឆ្នាំដែលក្រុមបាល់ទាត់ខ្លាំងព្រះខ័នរាជស្វាយរៀងមានរាសីឡើងខ្ពស់ត្រដែត ក្រោយពីក្រសោបបានពានថ្មីមួយ ក៏ស្រាប់តែត្រៀមក្លាយជាម្ចាស់ពានធំថ្មីមួយទៀត នេះជារឿងថ្មីប្លែកដែលក្រុមមានដើមកំណើតមកពីខេត្តស្វាយរៀងដណ្តើមបានពានធំៗចំនួនពីរក្នុងឆ្នាំតែមួយ ។

ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៣-២០២៤ (Cambodian Premier League) បើទោះជាសល់២ប្រកួត ក្នុងវគ្គខ្វែង ៤ក្រុមចុងក្រោយក៏ដោយ។ ក្នុងសប្ដាហ៍ទី២៨ ថ្ងៃទី៤ ខែឧសភា ព្រះខ័នរាជស្វាយរៀង បានឈ្នះ បឹងកេត ក្នុងលទ្ធផល៤-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ទន្ទឹមពេលជាមួយគ្នានោះដែរ ភ្នំពេញក្រោន អស់ឱកាសដណ្ដើមជើងឯក ក្រោយពីចាញ់ វិសាខា ២-០ នៅកីឡដ្ឋាន Smart RSN។

 

មុនពេលជួបជាមួយបឹងកេត ព្រះខ័នរាជស្វាយរៀង មាន៦៩ពិន្ទុ និងត្រូវការតែ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះដាច់ភ្នំពេញក្រោន ដែលមាន៦៤ពិន្ទុ។ ចំណែក ភ្នំពេញក្រោន ត្រូវការឈ្នះ ៣ប្រកួតចុងក្រោយ ដែលនៅសល់ ដើម្បីប្រជែងតំណែងជើងឯក។ ប៉ុន្ដែក្រោយការប្រកួតនៅសប្ដាហ៍ទី២៨ នៃ Cambodian Premier League នាថ្ងៃទី៤ ខែឧសភា ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត នាំឲ្យមាន៧២ពិន្ទុ ដាច់ភ្នំពេញក្រោន ដែលបរាជ័យ ក្រោមថ្វីជើង វិសាខា។

ព្រះខ័នរាជស្វាយរៀង ប្រើពេលត្រឹម ៧វិនាទី នៃតង់ទី១ ដើម្បីរកគ្រាប់បាល់ទី១ លើក្រុមបឹងកេត ដោយការកែបាល់ និងប៉ះមួយពីរ (One-two) រហូត កីឡាករ គឹម សុខយុទ្ធ របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទី។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ផ្សេងទៀត រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី២២, Bounkong Bounphachan នៅនាទី២៨ និង Takashi Odawara នៅនាទី៥៦។ ចំណែក បឹងកេត វាយបកបាន ១គ្រាប់ ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៥៣។

 

បើទោះជាតំណែងជើងឯក បានទៅលើព្រះខ័នរាជស្វាយរៀង និងជើងឯករង បានទៅលើភ្នំពេញក្រោន ប៉ុន្ដែវិសាខា និងបឹងកេត នៅតែបន្ដដណ្ដើម យកចំណាត់ថ្នាក់លេខ៣។ វិសាខា បានឈ្នះ ភ្នំពេញក្រោន ២-០ ដែល នាំឲ្យមាន ៤៧ពិន្ទុ។ ៤៧ពិន្ទុនេះ នៅមិនទាន់ឈ្នះដាច់ បឹងកេត ដែលមាន៤១ពិន្ទុ នៅឡើយទេ។ ប្រសិនជាបឹងកេត ចាញ់ប្រកួតណាមួយ ក្នុងចំណោម២ប្រកួត ដែលនៅសល់ ក្រុមនេះនឹងអស់ឱកាសប្រជែងយកលេខ៣ នៃលីគកំពូលកម្ពុជា។

២គ្រាប់ ដែលវិសាខា យកឈ្នះ ភ្នំពេញក្រោន រកបានដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៥៤ និងកីឡាករ សារ ទី នៅនាទី៨៣។

 

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣ ដែលព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ដែលលើកទី១ គឺនៅឆ្នាំ ២០១៣ លើកទី២ឆ្នាំ២០១៩ និងលើកទី៣នៅរដូវកាល ២០២៣-២០២៤។ ចំណែកភ្នំពេញក្រោន នេះគឺជាលើកទី២ ឈ្នះ តំណែងជើងឯករង ខណៈក្រុមនេះ ធ្លាប់ឈ្នះជើងឯក លីគកំពូល៨សម័យកាល៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២