មកទៀតហើយ! ទើបសាងកេរ្ត៍ឈ្មោះនៅលើទឹកដីជប៉ុនថ្មីៗនេះ ភក្តី គុនខ្មែរនឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងមកពីប្រទេសចិនឆាប់ៗនេះ

ភ្នំពេញ៖ ជើងខ្លាំងគុនខ្មែរដែលទើបសាងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់ខ្លួននៅលើទឹកដីប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ភក្តី គុនខ្មែរ (PHEAKDEY KUNKHMER)នឹងត្រូវមានភារៈស្វាគមន៍ជើងខ្លាំងមកពីសង្វៀន WU LIN FENG ប្រទសចិន YAN XUHAO លក្ខណៈគុនខ្មែរ។

នេះជាជំនួបនៃការប្រកួតដ៏កក្រើកមួយទៀតរបស់ភក្តី គុនខ្មែរ អ្នកលេងក្បាច់គុនកំពុងឡើងជើងមកពីក្លឹបគុនខ្មែរដូនតា ដោយកន្លងមកកីឡាករ ភក្តី គុនខ្មែរ បានក្លាយជាកីឡាករប្រដាល់កម្ពុជាទី១ត្រូវប្រកួតនៅសង្វៀនជប៉ុន Knock Out ដែលអាចនឹងបើកទ្វារសម្រាប់កីឡាករគុនខ្មែរផ្សេងទៀតទៅប្រកួតនៅទឹកដីជប៉ុន ប្រសិនបើពួកគេធ្វើបានល្អ។

សង្វៀនប្រដាល់ជប៉ុនភាគច្រើនគឺនាំយកកីឡាករថៃ ចិន និងអឺរ៉ុបទៅប្រកួតនៅក្នុងប្រទេសរបស់ខ្លួន។ ជាពិសេសសង្វៀនដ៏ធំរបស់ជប៉ុន Knock Out មិនដែលបាននាំយកកីឡាករគុនខ្មែរទៅប្រកួតនៅទីនោះទេកន្លងមក។ នេះជាលើកទី១ហើយ ដែលកីឡាករគុនខ្មែរទៅប្រកួតនៅទីនោះ ដោយប៉ះកីឡាករ Shibata Shingo ជាម្ចាស់ខ្សែក្រវាត់ប្រចាំសង្វៀន Knock Out កាលពីរសៀលថ្ងៃសៅរ៍ទី២៧ ខែមេសា។

គួរជម្រាបផងដែរថា ភក្តី ជាកីឡាករម្នាក់ដែលស៊ូ ធន់ និងមានទឹកចិត្តក្លាហានក្នុងការតទល់ជាមួយដៃគូ ប៉ុន្តែអាវុធរបស់គេមិនសូវមានទម្ងន់ និងក្បាច់វ៉ៃស្មើគ្នា ដែលអាចនិយាយបានថា មិនមានក្បាច់សម្លាប់ណាមួយគ្រោះថ្នាក់គួរឲ្យកត់សំគាល់នោះទេ។

 

ដូច្នេះកុំភ្លេចជួបគ្នានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើហ្វេសប៊ុកផេក TOWN SPORTS, TOWN FULL HDTV និង BEER GANZBERG ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២