មិនដឹងជាកូនចៅឬប្តីអ្នកណាទេលោកអើយ! ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ឡើងរលួយរលេះនៅសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ឡើងរលួយរលេះនៅសល់តែគ្រោងឆ្អឹងស្ថិតនៅខាងត្បូងឈាងខាងកើតសាលាកសិកម្មចំការដូង ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា សពនេះស្លៀកពាក់ខោអាវកីឡា ដូច្នេះប្រសិនបើបងប្អូនណា មានបាត់សមាជិកគ្រួសារសាច់ញាតិ សូមអញ្ជើញទៅពិនិត្យមើលភិនភាគតាមរយៈសម្លៀកបំពាក់នេះជាដើម ក្រែងបានស្គាល់ ។ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ ក៏បានប្រទះឃើញសាកសពនេះ ដោយមានសភាពរលួយរលេះ នៅសល់តែគ្រោងឆ្អឹងទៅហើយ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ នគរបាលប៉ុស្តិ៍ដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗ ហើយក៏បានធ្វើកំណត់ហេតុ។ បន្ទាប់មកទៀតបានរាយការណ៍បន្ត ជូននគរបាលការិយាល័យបច្ចេកទេ និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ស្រាវជ្រាវរកអត្តសញ្ញាណសព និងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២