ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន៧៥ខ្នង នៅស្រុកបន្ទាយស្រីកាលពីរសៀលម្សិលម៉ិញ

លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧៥ខ្នងនៅស្រុកបន្ទាយស្រី បានទទួលរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

អធិការនគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯក ឡុង សំណាង បានឱ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋទាំង៧៥ខ្នង ដែលរងការខូចខាតនោះ មាននៅឃុំត្បែង របើកសំយាបផ្ទះ(ស័ង្កសី) ចំនួន ០៦ខ្នង និងនៅឃុំរុនតាឯក ខ្យល់កន្ដ្រាក់ ភូមិតានី រលំផ្ទះទាំងស្រុង ចំនួន ០៥ខ្នង,របើកដំបូលផ្ទះ(ស័ង្កសី) ចំនួន ៦៤ខ្នង។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបន្តទៀតថា នៅក្នុងគ្រោះថ្នាក់ធម្មជាតិនេះ មិនមានមនុស្ស សត្វរងគ្រោះថ្នាក់នោះទេ។បន្ទាប់ពីទទួលបានករណីនេះភ្លាមក្រុមការងារថ្នាក់ដឹកនាំ និងកម្លាំងនគរបាលស្រុកបន្ទាយស្រី បានសហការគ្នាចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសង្គ្រោះដល់ពលរដ្ឋ ដែលរងការខូចខាតផ្ទះសម្បែងទាំងនោះផងដែរ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២