កម្លាំងសមត្ថកិច្ចដកហូតម៉ូតូបានជាង៥០០គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបហាងបញ្ចំម៉ូតូ២ទីតាំងកាលពីព្រឹកម៉ិញនេះ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនៅទីតាំងទទួលបញ្ចាំចំនួន០២ទីតាំងនៅឃ្លាំងរំសេវដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះឡោមព័ទ្ធ ចុះបង្ក្រាបទីតាំងទទួលបញ្ចាំចំនួនពីរទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង៥០០ គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រានៃក្រសួងមហាផ្ទៃបានធ្វើឡើងនៅទីតាំងឃ្លាំងលេខ៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និង ទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃបានសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីកាប់ប្លន់ រួចក៏បានសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូដែលខ្លួនកាប់ប្លន់បាន យកទៅបញ្ចាំនៅទីតាំងទទួលបញ្ចាំ នៅម្ដុំឃ្លាំងរំសេវ។

ក្រោយមកកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានទីតាំងដែលជនសង្ស័យបានយកម៉ូតូដែលកាប់ប្លន់បាននោះយកមកបញ្ចាំចំនួនពីទីតាំង។

សូមបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការនេះទីតាំងទីមួយដែលស្ថិតនៅទីតាំងឃ្លាំងលេខ៥ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន៩២គ្រឿង ក្នុងនោះ មានឯកសារត្រឹមត្រូវចំនួន៨គ្រឿង និងគ្មានឯកសារចំនួន៨៤គ្រឿង។ ចំណែកទីតាំងទី០២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្បែរនឹងសាលារៀនទឹកល្អក់ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូជាង៤០០គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃ្លុំបេ ទីតាំងទទួលបញ្ចាំនោះសិន ដោយរងចាំអនុវត្តតាមនីតិវិធីបន្ត៕

   

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២