អាណិតណាស់ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់កំពុងធ្វើដំណើរទៅមន្ទីរពេទ្យ ស្រាបតែឈឺពោះសម្រាលកូនតាមផ្លូវ

ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានសម្រាលកូននៅតាមផ្លូវ  ហើយត្រូវបានក្រុមគ្រូពេទ្យឆ្មបនៃមណ្ឌលសុខភាពស្រុកឱរ៉ាល់ជួយអន្តរាគមន៍ទាន់ពេល ខណៈឈឺពោះកំពុងធ្វើដំណើរតាមផ្លូវទៅកាន់មន្ទីរពេទ្យ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

បើតាមលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីឈ្មោះ រឹម លី អាយុ ២៧ឆ្នាំ បានឈឺពោះសម្រាលកូនតាមផ្លូវនៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ពេលដែលកំពុងធ្វើដំណើរតាមម៉ូតូជាមួយប្តីទៅកាន់មន្ទីរពេទ្យ។ តែដោយសារស្ថានភាពនៃការឈឺពោះសម្រាលមានសភាពធ្ងន់ធ្ងរ មិនអាចបន្តដំណើរប្តីរបស់ស្ត្រីរូបនេះក៏បានសុំផ្ទះអ្នកស្រុកដើម្បីដាក់ប្រពន្ធ ហើយទៅតាមពេទ្យមណ្ឌលសុខភាពឱ្យមកជួយសម្រាល។

លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់បន្ថែមថា ក្រោមកិច្ចអន្តរាគមន៍ទាន់ពេលវេលាយ៉ាងយកចិត្តទុកដាក់ពីក្រុមពេទ្យឆ្មបនៃមណ្ឌលសុខភាពឱរ៉ាល់ ការសម្រាលបានប្រព្រឹត្តិទៅដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងកូន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការមើលថែបន្តពីក្រុមពេទ្យនៃមណ្ឌលសុខភាពឱរ៉ាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២