កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបំផ្ទុះស្ពានដ៏សំខាន់មួយនៅច្រកចូលក្រុង Buthidaung ក្នុងរដ្ឋ Rakhine កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីកងទ័ពជនជាតិភាគតិច Arakan Army (AA) រឹបអូសបានទីបញ្ជាការកងវរសេនាតូចចំនួនប្រាំ រួមទាំងបញ្ជាការប្រតិបត្តិការយោធា (MOC) 15 នៅក្នុងទីប្រជុំជន Buthidaung ។ AA បានដណ្តើមយកមូលដ្ឋាន MOC 15 ស្ថិតនៅចម្ងាយ 3.9 ម៉ាយភាគខាងកើតក្រុង Buthidaung កាលពីថ្ងៃទី 2 ឧសភា ដោយចាប់បានទាហានរបបយោធារាប់រយនាក់ រួមទាំងមេបញ្ជាការរង រួមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

កងទ័ពជនជាតិភាគតិចបានចាប់យកទីបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ ៥៥១ របស់សង្កាត់នៅថ្ងៃបន្ទាប់ ថ្ងៃទី ៣ ឧសភា។
ការប៉ះទង្គិចគ្នាត្រូវបានគេរាយការណ៍នៅក្នុងទីប្រជុំជន ខណៈដែលកងទ័ព AA បានវាយប្រហារទាហានរដ្ឋាភិបាលដែលរត់ចេញពីមូលដ្ឋាន MOC 15 និង LIB 551 របស់ពួកគេ។ AA បាននិយាយថា ទាហានរដ្ឋាភិបាលយោធាជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រដ្ឋរ៉ាឃីនបានរាយការណ៍ថា បន្ទាប់ពីការបរាជ័យ កងកម្លាំងរបបយោធាបានប្រើមីនដើម្បីបំផ្ទុះស្ពានដ៏សំខាន់នៅលើទន្លេ Mayu នៅវេលាម៉ោង 3 និង42នាទីរសៀលថ្ងៃច័ន្ទ។ ស្ពាននេះស្ថិតនៅលើផ្លូវសំខាន់ដែលតភ្ជាប់ពីក្រុង Maungdaw, Buthidaung និងក្រុង Ponnagyun ។

អ្នកស្រុកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរ៉ាឃីនថា ទាហានរដ្ឋាភិបាលបានបំផ្លាញស្ពាននេះ ដោយសារពួកគេខ្លាចការវាយឆ្មក់របស់កងកម្លាង AA ។

កាលពីថ្ងៃទី ២៥ ខែមេសា ទាហានរបបយោធាក៏បានបំផ្ទុះស្ពានតភ្ជាប់ភូមិពីរក្នុងក្រុង Buthidaung។ AA បាននិយាយថា ខ្លួនបានរឹបអូសបានច្រើនជាងមួយភាគបីនៃទីបញ្ជាការកងវរសេនាតូចយោធាទាំង 13 នៅ Buthidaung ចាប់តាំងពីការបើកការវាយលុករបស់ខ្លួននៅក្នុងទីប្រជុំជនកាលពីប៉ុន្មានខែមុន៕


ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា