អ្នកកាសែត៤នាក់បន្ថែមមទៀតត្រូវបានសម្លាប់នៅតំបន់ GAZA កាលពីម្សិលម៉ិញ ដែលធ្វើឱ្យចំនួនអ្នកកាសែតស្លាប់កើនឡើងដល់ ១៤៧នាក់ ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើងនៅក្នុងតំបន៉នោះមក

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Gaza បានកាន់ទុក្ខចំពោះការស្លាប់របស់អ្នកកាសែតចំនួន៤នាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដែលអ្នកកាសែតទាំងនោះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ជុំវិញនោះ។ ​អ្នក​កាសែត​៤​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត ​ក្នុង​នោះក៏​មាន​ស្ត្រី​ម្នាក់ផងដែរ​។

ការិយាល័យ​ផ្សព្វផ្សាយនៅក្នុងតំបន់នេះបាន​ប្រកាស​ថា ​ចំនួន​អ្នកកាសែតដែលបាន​ស្លាប់​នៅតំបន់GAZA ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលាឆ្នាំមុន​មក​រហូតមកដល់ពេលនេះបានកើនឡើង​ដល់​១៤៧​នាក់ហើយ។

អ៊ីស្រាអែល​បាន​បន្ត​ការ​វាយលុក​យ៉ាង​ព្រៃផ្សៃ​ទៅលើ​តំបន់​ GAZA បើ​ទោះ​ជា​មាន​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​ក្តី។

ប្រជាជនប៉ាឡេស្ទីនជាង 35,200នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 79,200 នាក់បានរងរបួសចាប់តាំងពីដើមខែតុលា ឆ្នាំមុននោះមក បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់។

ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ GAZA បានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ GAZA នោះ។នេះបើតាម A News ចេញផ្សាយនាថ្ងៃនេះ៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២