មនុស្ស​១នាក់បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស ដោយសារភាពចលាចលនៅលើ​ជើង​ហោះ​ហើរ​ទៅកាន់​ប្រទេស​សិង្ហបុរី​

បុរសជនជាតិអង់គ្លេសអាយុ 73 ឆ្នាំម្នាក់បានស្លាប់ និងជាង 70 នាក់បានរងរបួសកាលពីថ្ងៃអង្គារ នូវអ្វីដែលអ្នកដំណើរបានពិពណ៌នាថា ជាទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាចនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលបានជួបនឹងភាពច្របូកច្របល់យ៉ាងខ្លាំង ហើយបានធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក។ ការវិភាគទិន្នន័យដំបូងដោយសេវាកម្មតាមដានអាកាសចរណ៍ Flightradar24 បានបង្ហាញថា ជើងហោះហើរទីក្រុងឡុងដ៍-សិង្ហបុរីបានជួបប្រទះភាពចលាចលខ្លាំងជាងមួយនាទីនៅចម្ងាយប្រហែល 11,300 ម៉ែត្រ (37,000 ហ្វីត)នៅលើប្រទេសមីយ៉ាន់ម៉ា នៅអំឡុងពេលដែលវាបានកើនឡើងយ៉ាងខ្លាំង និងធ្លាក់ចុះជាច្រើនដង។ ក្រោយមក យន្តហោះនេះបានបង្វែរទិសដៅទៅកាន់ទីក្រុងបាងកក។

Andrew Davies អ្នកដំណើរជនជាតិអង់គ្លេសម្នាក់នៅលើយន្តហោះ Boeing 777-300ER បានប្រាប់ BBC Radio 5 ថា យន្តហោះ បានធ្លាក់ចុះភ្លាមៗ ហើយមានការព្រមានតិចតួចណាស់។ គាត់បាននិយាយថា នៅអំឡុងពេលពីរបីវិនាទីនៃយន្តហោះធ្លាក់ មានការស្រែកដ៏គួរឱ្យភ័យខ្លាច និងសំឡេងបន្លឺឡើង។ គាត់បន្ថែមថា គាត់បានជួយស្ត្រីម្នាក់ដែលកំពុងស្រែកដោយការឈឺចាប់ ដោយការហៀរសំបោរលើក្បាលរបស់នាង ។ គាត់​បាន​រៀប​រាប់​ពី​ការ​ឃើញ​មនុស្ស​ដែល​មាន​របួស​ក្បាល និង​ហូរ​ឈាម​ត្រចៀក​ថា៖ ដោយមាន​ភាព​ច្របូកច្របល់​ខ្លាំង​ណាស់នៅលើយន្តហោះ។

លោក Kittipong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក បាននិយាយថា អ្នកដំណើរដែលរងរបួសភាគច្រើននៅលើជើងហោះហើរនេះ បានរងរបួសក្បាល។


អាកាសយានដ្ឋានសុវណ្ណភូមិបានចេញសេចក្តីថ្លែងការណ៍មួយថា នៅម៉ោង 3:35 នាទីរសៀល អាកាសយានដ្ឋានបានទទួលការហៅទូរស័ព្ទពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីថា មានអ្នកដំណើរនៅលើយន្តហោះបានរងរបួសដោយសារភាពច្របូកច្របល់ និងស្នើសុំការចុះចតជាបន្ទាន់ ។យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន ហើយក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅព្យាបាលអ្នករបួសទាំងអស់។ ជើងហោះហើរ SQ321 បានហោះចេញពីអាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍ ហើយបានជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងខ្លាំងភ្លាមៗនៅរយៈកម្ពស់ 11,300 ម៉ែត្រ (37,000 ហ្វីត) ពីលើអាង Irrawaddy របស់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ​បាន​បញ្ជាក់ថា ​នៅលើយន្តហោះនោះមាន​អ្នក​ដំណើរ​សរុបចំនួន ២១១ នាក់ និង​នាវិកចំនួន ១៨ នាក់​។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត របស់គាត់ទៅកាន់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកស្លាប់ ដោយគាត់បានបង្ហោះនៅលើ Facebook ថា ប្រទេសរបស់គាត់កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ៕

មន្ទីរពេទ្យ Samitivej Srinakarin នៃទីក្រុងបាងកក បាននិយាយថា មនុស្សសរុបចំនួន ៧១ នាក់ត្រូវបានបញ្ជូនទៅព្យាបាល ក្នុងនោះ ៦ នាក់បានរងរបួសធ្ងន់ធ្ងរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២