អ៊ុយក្រែននឹងចាប់ផ្តើមសាកល្បងប្រើប្រាស់គ្រាប់បែកអាកាស ដែលផលិតដោយខ្លួនឯងក្នុងពេលឆាប់ៗនេះ

លោក Serhii Holubtsov មន្ត្រីកំពូលនៅបញ្ជាការដ្ឋានកងទ័ពអាកាស បានប្រាប់វិទ្យុអាស៊ីសេរី អឺរ៉ុបក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី ៩ ខែមិថុនា ម្សិលម៉ិញនេះថា យោធាអ៊ុយក្រែននឹងចាប់ផ្តើមសាកល្បងគ្រាប់បែកតាមអាកាស ដែលផលិតក្នុងស្រុកក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ លោក Holubtsov បាននិយាយថា បច្ចុប្បន្នអ៊ុយក្រែនកំពុងធ្វើការជួសជុលឡើងវិញ និងបង្កើតគ្រាប់បែកទម្លាក់ពីលើអាកាស។

នាយករដ្ឋមន្ត្រីលោក Denys Shmyhal បាននិយាយកាលពីថ្ងៃទី 3 ខែមករាថា គោលដៅសំខាន់មួយរបស់អ៊ុយក្រែនសម្រាប់ឆ្នាំ 2024 គឺការបង្កើនសមត្ថភាពផលិតកម្មឧស្សាហកម្មការពារជាតិចំនួន 6 ដង។ លោក Shmyhal បាននិយាយថា “នេះមានន័យថា យន្តហោះគ្មានមនុស្សបើក គ្រាប់ផ្លោងកាន់តែច្រើន គ្រាប់រំសេវ និងរថពាសដែកសម្រាប់យោធារបស់យើង” ។

កាលពីខែមីនា កាសែត Washington Post បានរាយការណ៍ថា អ្នកតំណាងឧស្សាហកម្មការពារជាតិអ៊ុយក្រែនកំពុងពិចារណាចាប់ផ្តើមការផលិតក្នុងស្រុកនូវគ្រាប់ 155 មីលីម៉ែត្រស្តង់ដាររបស់អង្គការណាតូ។

គ្រាប់ផ្លោង 155 មីលីម៉ែត្រស្តង់ដារ NATO គឺចាំបាច់សម្រាប់ប្រព័ន្ធកាំភ្លើងធំដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២