កម្មករ​ចំណាក​ស្រុកមកពី​ឥណ្ឌាចំនួន​៤៩​នាក់​បានស្លាប់នៅក្នុងភ្នក់ភ្លើង នៅប្រទេសគុយវ៉េត

រដ្ឋាភិបាល​បាន​និយាយ​ថា ភ្លើង​ឆេះ​នៅ​ប្រទេស​គុយវ៉ែត​បាន​សម្លាប់​មនុស្សចំនួន៤៩ នាក់​ជា​ជន​ជាតិ​ឥណ្ឌា​ទាំង​អស់ ​នៅ​ពេល​ដែល​វា​បាន​ឆាបឆេះ​អគារ​ស្នាក់នៅ​របស់​កម្មករ​បរទេស​ជិត ២០០ នាក់​កាល​ពី​ថ្ងៃ​ពុធម្សិលម៉ិញនេះ។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​អគារ​៦​ជាន់​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​គុយវ៉ែត​នៅ​ពេល​ព្រឹក​ព្រលឹម​នោះ ​ក៏​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួសផងដែរ។ អណ្តាតភ្លើងបានឆាបឆេះជាន់ខាងក្រោម ខណៈដែលមានផ្សែងខ្មៅហុយចេញពីបង្អួចជាន់ខាងលើ រូបភាពដែលមិនបានបញ្ជាក់ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានកែសម្រួលចំនួនអ្នកស្លាប់ពី35នាក់រហូតដល់ 49 នាក់ ដែលបានចេញផ្សាយមុននេះ បន្ទាប់ពីក្រុមធ្វើកោសល្យវិច្ច័យបានរុករកអគារដែលឆេះនោះ។ទីភ្នាក់ងារសារព័ត៌មានគុយវ៉ែតផ្លូវការបានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាល Ahmed al-Awadhi ដោយនិយាយថា មន្ទីរពេទ្យបានទទួលមនុស្សចំនួន ៥៦ នាក់បានរងរបួសក្នុងអគ្គីភ័យនៅក្នុងតំបន់ Mangaf ដែលមានប្រជាជនច្រើនជាមួយពលករចំណាកស្រុក។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ថប់​ដង្ហើម​ដោយសារ​មាន​ផ្សែង​ហុយ​ខ្លាំង បន្ទាប់​ពី​ភ្លើង​បាន​ឆាបឆេះ​នៅ​​អគារ​នោះ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា Kirti Vardhan Singh ក៏កំពុងធ្វើដំណើរទៅសម្របសម្រួលជំនួយ និងធ្វើមាតុភូមិនិវត្តន៍អ្នកស្លាប់ទាំងនោះផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២