មកលម្អិតករណីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះពីរនាក់ជាគូដណ្តឹងនឹងគ្នា និងម្នាក់ទៀតរងរបួស នៅក្នុងបុរី ប៉េងហួតបឹងស្នោរកាលពីម្សិលម៉ិញ

ករណីបាញ់ប្រហារសម្លាប់មនុស្ស បណ្តាលឱ្យមានមនុស្សស្លាប់ ២នាក់ និងរបួស ម្នាក់ នៅក្នុងបុរី ប៉េងហួតបឹងស្នោរ គំរោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះហើយជនដៃដល់ជាខ្មាន់កាំភ្លើង បានព្យាយាមបើកឡានរត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណជា ៦ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤  ប៉ុន្តែត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល តាមប្រមាញ់ឃាត់ខ្លួនបាន ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ៖ បន្ទាប់ពីមានភិនភាគស្រដៀងនឹងជនដៃដល់តាមរូបភាព ដូច្នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាមនីតិវិធី។

 

នៅកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានជាបឋមថា អ្វីដែលស៊ីជម្រៅចាំយើងគិតទៀត ប៉ុន្តែអ្វីដែលសំខាន់នោះយើងចូលរួមសោកស្តាយអំពីការបាត់បង់អាយុជីវិតជនរងគ្រោះ។ រឿងនេះ យើងមិនអាចទប់ស្កាត់បានទេ ដោយសារជារឿងករណីឃាតកម្ម ការបាញ់ប្រហារនេះ មិនអាចនិយាយបានថា យើងបានដឹងមុនដើម្បីទប់ស្កាត់ ហើយសមត្ថកិច្ចយើងខ្ញុំសុំទោស និងសោកស្តាយ ។

លោកស្នងការបានបញ្ជាក់ថា ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់ផ្ទាល់ មានតែម្នាក់ទេ ប៉ុន្តែនៅក្នុងរថយន្តមានប៉ុន្មាន គឺសមត្ថកិច្ចក្នុងប្រតិបត្តិការត្រូវតែគ្រប់គ្រងសិន ហើយជនសង្ស័យគាត់ជាអ្នកចេញចូលនៅហ្នឹង និយាយឱ្យចំទៅគឺថា មុខរបរគាត់ ការរស់នៅរបស់គាត់ វាយតម្លៃជំហានដំបូងនេះ គាត់មិនមែនជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅទីនេះទេ ។

សូមបញ្ជាក់ផងដែរថា ៖ មានករណីបាញ់ប្រហារមួយ បានកើតឡើងត្រង់ចំណុចផ្ទះលេខ២៦ នៃគំរោងទី៧ របស់បុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កើតឡើងកាលពីវេលាម៉ោង៣ នឹង៥០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដែលការបាញ់ប្រហារនេះបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ និង ស្លាប់ ២នាក់ ។

បើតាមការបញ្ជាក់ពីអ្នកជិតខាងបានឱ្យដឹងថា ករណីនេះកើតឡើងរឿងទំនាស់ពាក្យសំដី ខណៈជនរងគ្រោះ បានកាប់មេឃស្វាយរបស់ខាងផ្ទះរបស់ជនបង្កដែលមាន២ល្វែង បានធ្លាក់មេឃមកចូលខាងផ្ទះជនរងគ្រោះ បន្ទាប់មកជនដៃដល់ដែលជាម្ចាស់ដើមស្វាយក៏បានទៅសួរនាំ ក៏ក្លាយជាទំនាស់ពាក្យសំដី ឈានដល់ដកកាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ បុរសជាគូដណ្តឹង ខាងស្ត្រីរងគ្រោះនោះដែរ ។ ពេលបាញ់ប្រហារមកលើបុរសជាគូដណ្តឹង ស្ត្រីរូបនោះ ក៏បានលើកដៃសំពះអង្វរឱ្យឈប់បាញ់ តែជនដៃដល់មិនព្រមបញ្ឈប់ក៏ធ្វើសកម្មភាពបន្តបាញ់ស្ត្រីជាគូដណ្តឹងនោះបន្ថែមទៀត ទើបខាងប្រុសស្លាប់ក្នុងថ្លុកឈាម ហើយខាងស្រីសន្លប់បាត់ស្មារតីដោយត្រូវគ្រាប់កាំភ្លើង ដេកស្តូកស្តឹងក្រោមតុក្នុងថ្លុកឈាម ហើយបុរសម្នាក់ទៀត ប្រហែលជាជនដៃដល់ខ្លាច មកតដៃ ក៏បានបាញ់សម្លាប់ម្នាក់ទៀត តែត្រូវដៃ បណ្តាលឱ្យរបួសធ្ងន់ អង្គុយនៅមុខផ្ទះដើម្បីឱ្យសមត្ថកិច្ចជួយយកទៅសង្គ្រោះបន្ទាន់ ។ ចំណែកឃាតក បានជិះម៉ូតូម៉ាក Honda ZoomerX មានអ្នកបើកឌុបចេញពីកន្លែងកើតហេតុ និងបន្តទៅបើកឡានគេចខ្លួន ប្រមាណជា៣ម៉ោងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ជាម្ចាស់ហាងមេឌៀមួយយ៉ាងល្បីដែលមានឈ្មោះថា ឡុង លីសុង មានយីហោ«Stellar Picture » ។

បច្ចុប្បន្នជនសង្ស័យចំនួន ៣នាក់ ជាបក្ខពួកត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលខណ្ឌច្បារអំពៅ និងចាប់យកបាន រថយន្ត ចំនួន២គ្រឿង ក៏ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុននេះបន្តិច ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង ក៏ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាលបញ្ជូនឱ្យសមត្ថកិច្ចម្ចាស់ករណីយកទៅធ្វើការសាកសួរតាមនីតិវិធី ៕

      

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២