មិនធម្មតាមែន! សម្ភស្ស គុនខ្មែរ តាំងពីឡើងសង្វៀនប្រកួតមក មិនដែលស្គាល់ពាក្យថាចាញ់ឡើយ ហើយការឈ្នះរបស់គេសុទ្ធតែផ្តាច់គូប្រកួតឱ្យបោះបង់ការប្រកួត

ភ្នំពេញ៖ អ្នកលេងគុនខ្មែរស៊េរីថ្មីសម្ផស្ស គុនខ្មែរ បានរក្សាកំណត់ត្រាឲ្យខ្លួនឯងមិនធម្មតា ចាប់តាំងពីរូបគេចូលប្រឡូកក្នុងពិភពក្បាច់គុនលើសង្វៀនប្រដាល់មក រូបគេបានឆ្លងកាត់ការប្រកួតបានចំនួន៧ លើក ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍នោះគឺរូបគេបានប្រកួតឈ្នះទាំង៧លើក ហើយបានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតទាំងអស់ ដោយការប្រើអាវុធប្លែកៗមិនធម្មតារបស់គេ។

នៅក្នុងជំនួបការប្រកួតប្រដាល់គុនខ្មែរលក្ខណៈMas Fight មួយទឹក ៩ នាទី រូបគេបានជួបតតាំងជាមួយអ្នកលេងគុនខ្មែរ កីឡាករ ជុន ថនច័ន្ធូ កាលពីចុងសប្តាហ៍កន្លងទៅ នៅលើសង្វៀនMas Fight កីឡាករគុនខ្មែរដែលមកពីក្លឹប គុនខ្មែរដូនតា ដែលមានទីតាំងនៅរាជធានីភ្នំពេញ សម្ផស្ស គុនខ្មែរ បានសាងភាពភ្ញាក់ផ្អើលជាថ្មី នៅក្នុងវិថីជាអ្នកប្រដាល់ចំណូលថ្មីរបស់ខ្លួន ដោយបានផ្ដាច់កីឡាករ ជុន ថនចន្ធូ ឱ្យបោះបង់ការប្រកួតសន្លប់ស្ដូកស្ដឹងនៅលើសង្វៀន ដោយការប្រើរយៈពេលមិនដល់មួយនាទីផង នៅក្នុងជំនួបនៃការប្រកួត ៩នាទី  ។

គ្រាន់តែសំឡេងជួងបានបន្លឺឡើងភ្លាម អ្នកលេងគុនខ្មែរវ័យក្មេងចំណូលថ្មី រូបនេះបានចូលវាយ និងប្រើប្រាស់គ្រប់អាវុធ ហាក់មិនញញើតដៃគូឡើយ ហើយក្បាច់ចុងក្រោយដែលកីឡាករសម្ផស្ស គុនខ្មែរ បានប្រើនៅក្នុងការផ្ដួលគូប្រកួតនាពេលនោះគឺការទាត់កាត់លើខ្ពស់ៗចូលចំកញ្ចឹងករបស់កីឡាករ ជុន ថនច័ន្ធូ ទោះបីអាជ្ញាកណ្ដាលរាប់យ៉ាងណា ក៏មិនអាចក្រោកប្រកួតបាននោះដែរ ដោយសារតែកម្លាំងជើងផ្ដាច់ចុងក្រោយនោះ ហាក់បីដូចជាមានស្ថានទម្ងន់ធ្ងន់ និងបច្ចេកទេសមិនធម្មតាក្នុងការទាត់របស់គេ។

ក្រោយពីបានយកឈ្នះគូប្រកួត ដោយការប្រើរយៈពេលខ្លី និងប្រើប្រាស់ភាពឆ្លាតវៃ នៅក្នុងការប្រកួតលើសង្វៀននោះ សម្ផស្ស គុនខ្មែរ ក៏ទទួលបានប្រាក់រង្វាន់បន្ថែម ពីកម្មវិធី Mas Fight Cambodia ដែលបានការឧបត្ថម្ភធំផ្ដាច់មុខពីCambodia Beer នូវទឹកប្រាក់ចំនួន ៨សែនរៀល ដែលជាប្រាក់រង្វាន់ឧបត្ថម្ភបន្ថែមពីលើតម្លៃខ្លួន សម្រាប់កីឡាករណា ដែលអាចផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតនៅក្នុងអំឡុងពេល ៩នាទីនេះ ។

គួរជម្រាបផងដែរថា កីឡាករ សម្ផស្ស គុនខ្មែរ មានអាយុទើបតែ ១៧ ឆ្នាំ កម្ពស់ ១.៧០cm ទម្ងន់៦៣,៥គីឡូក្រាម ជាកីឡាករចំណូលថ្មីដែលហ្វឹកហាត់នៅក្លឹបគុនខ្មែរដូនតា ដ្បិតតែរូបគេជាកីឡាករ រលកក្រោយក៏ពិតមែន ប៉ុន្តែទទួលបានឱកាសឡើងប្រកួតនៅលើកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ថោន ហើយក៏បានបង្ហាញខ្លួន និងសមត្ថភាពយ៉ាងល្អ រាល់ជំនួបនៃការប្រកួតរបស់គេតែងតែបានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតជានិច្ច។ បច្ចុប្បន្នកីឡាកររូបនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រគុនខ្មែរ ពិសេសអ្នករៀបចំសង្វៀនប្រដាល់ធំៗនៅក្នុងស្រុកផងដែរ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២