លោក Sergey Melikov ប្រមុខនៃសាធារណរដ្ឋបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលីសចំនួន ១៥នាក់ បានស្លាប់ និងរងរបួស២៥នាក់ នៅក្នុងការវាយប្រហារភេរវកម្មមួយនៅសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី 23 ខែមិថុនា ម្សិលម៉ិញនេះ។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងរដ្ឋធានី Dagestan និងទីក្រុងធំជាងគេគឺ Makhachkala និង Derbent ដែលជាទីក្រុងដែលមានទីតាំងនៅជិតព្រំដែនជាមួយ Azerbaijan ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា របបប្រឆាំងភេរវកម្មមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី 23 ខែមិថុនា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់ទៅលើសាលាប្រជុំ ព្រះវិហារចំនួនពីរ និងប៉ុស្តិ៍ប៉ូលីសនៅក្នុងសាធារណរដ្ឋ Dagestan របស់ប្រទេសរុស្ស៊ី។

បូជាចារ្យអាយុ 66 ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថា ជាឪពុក Nikolay ក៏ត្រូវបានសម្លាប់ផងដែរ។ Melikov បាននិយាយថា ភេរវករមានគ្នាចំនួន6 នាក់ត្រូវបានចាប់ខ្លួន និងសម្លាប់ ខណៈដែលគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រុស្ស៊ីបាននិយាយថា 5 នាក់ត្រូវបានសម្លាប់គិតត្រឹមម៉ោង 11:00 យប់ថ្ងៃទី២៣ ខែមិថុនា។

យោងតាមសារព័ត៌មានរុស្ស៊ី Meduza បានឱ្យដឹងថា ការបិទផ្លូវត្រូវបានបង្កើតឡើង ហើយការបាញ់ប្រហារអាចត្រូវបានគេឮនៅពេលល្ងាច។ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីបានបង្ហោះវីដេអូនៃសាលាប្រជុំមួយក្នុងទីក្រុង Derbent ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលជាស្ថាប័នស៊ើបអង្កេតសហព័ន្ធដ៏សំខាន់របស់ប្រទេសនេះ បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតអំពើភេរវកម្ម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ហើយថាអ្នកស៊ើបអង្កេតមានវត្តមាននៅកន្លែងកើតហេតុ។

Dagestan គឺជាសាធារណៈរដ្ឋមូស្លីមពហុជាតិសាសន៍ ដែលមានទីតាំងនៅតំបន់ Caucasus ខាងជើងនៃប្រទេសរុស្ស៊ី។ វាក៏ជាផ្ទះសម្រាប់សហគមន៍ជ្វីហ្វបុរាណ ដែលចំនួនរបស់ពួកគេបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ៕
