រដ្ឋាភិបាលបានអនុម័តនូវគម្រោងវិនិយោគចំនួន៤៤គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានជាង២ម៉ឺនកន្លែង

គម្រោងវិនិយោគចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាមេរិកត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តកាលពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងការបង្កើតការងារជូនពលរដ្ឋធ្វើបានជាង២៥ ០០០កន្លែង។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា គ្រាន់នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ  គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដារួមមាន៖

គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។

 

គម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិ ផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានទុនវិនិយោគចំនួន ១០០លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៣៣១កន្លែង។គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទុនវិនិយោគប្រមាណជាង ២៦លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

 

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាមេរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤នេះ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២