កាលពីថ្ងៃទី 20 ខែសីហាម្សិលម៉ិញនេះ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi បានរាយការណ៍ថា ចាប់តាំងពីការចាប់ផ្តើមឈ្លានពានពេញលេញរបស់រុស្ស៊ីនោះមក កាំជ្រួចជាង 9,600គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារជិត 14,000គ្រឿង ត្រូវបានរុស្សីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។ កាំជ្រួចចំនួន 5,197គ្រាប់ត្រូវបានបាញ់សំដៅទៅលើគោលដៅស៊ីវិល។


នៅអំឡុងពេលកិច្ចប្រជុំរបស់អាជ្ញាធរក្នុងតំបន់ លោក Syrskyi បានបង្ហាញថា ការការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញដោយជោគជ័យនូវមីស៊ីលជាង 2,400 ដើម និងយន្តហោះគ្មានមនុស្សបើកចំនួន 9,200 គ្រឿង។


អ៊ុយក្រែនត្រូវបានគេកំណត់គោលដៅជាចម្បងដោយកាំជ្រួច S-300/S-400 ដែលមានការវាយប្រហារសរុបចំនួន ៣.០០៨ដើម។ អាវុធដែលប្រើញឹកញាប់បំផុតទីពីរគឺកាំជ្រួច Cruise Kh-555/Kh-101 ជាមួយនឹងការវាយប្រហារចំនួន 1,846 ដែលត្រូវបានកត់ត្រា។ កូរ៉េខាងជើងបានក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធឈានមុខគេរបស់រុស្ស៊ីជាយូរមកហើយ តាមសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានផ្តល់ឱ្យក្រុងម៉ូស្គូនូវកញ្ចប់យោធាយ៉ាងទូលំទូលាយរួមទាំងកាំជ្រួចមីស៊ីលផ្លោង និងគ្រាប់កាំភ្លើងធំជាង៣លានគ្រាប់។

អ៊ុយក្រែនមានមីស៊ីលបាញ់ពីលើអាកាស និងដីដែលផ្តល់ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដែលអាចទៅដល់ជិត 200 ម៉ាយពីចំណុចបាញ់ ប៉ុន្តែការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលប្រឆាំងនឹងទឹកដីរុស្ស៊ីនៅតែមាន។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO យ៉ាងតិចប្រាំបួនផ្សេងទៀតបានយល់ព្រមបញ្ជូនប្រព័ន្ធការពារដែនអាកាសរាប់សិបគ្រឿងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងមីស៊ីលការពាដែនអាកាសPatriot យ៉ាងតិចចំនួន៤គ្រឿងផងដែរ។ នេះបើយោងតាមកិច្ចព្រមព្រៀងរួមដែលបានចេញផ្សាយកាលពីថ្ងៃទី 9 ខែកក្កដាកន្លងទៅ៕


