បេក្ខជនប្រធានាធិបតីអាមេរិក Kamala Harris រៃអង្គាសប្រាក់បានចំនួន 540 លានដុល្លារ ដែលជាកំណត់ត្រាខ្ពស់បំផុតមួយ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី

អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ Kamala Harris បានរៃអង្គាសប្រាក់បានចំនួន 540 លានដុល្លារក្នុងការបរិច្ចាគយុទ្ធនាការឃោសនាបោះឆ្នោតចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោកស្រី ដោយមិននឹកស្មានដល់កាលពីថ្ងៃទី 21 ខែកក្កដា។ ប្រធានយុទ្ធនាការរបស់ Harris លោក Jen O’Malley Dillon បានធ្វើសេចក្តីប្រកាសបន្ទាប់ពីសន្និបាតគណបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago ភាគខាងលិច។ នេះបើយោងតាមគេហទំព័រ The Hill ។

លោក Dillon បានប្រកាសថា យុទ្ធនាការរបស់ Harris បានរៃអង្គាសប្រាក់បន្ថែមចំនួន 82 លានដុល្លារក្នុងអំឡុងពេលសន្និបាតរយៈពេល 4 ថ្ងៃ ដែលនាំឱ្យចំនួនសរុបឡើងដល់ 540 លានដុល្លារ។ លោកស្រីក៏បានកត់សម្គាល់ផងដែរ អំពីការកើនឡើងនៃម្ចាស់ជំនួយ ហើយបានរាយការណ៍ថា អ្នកស្ម័គ្រចិត្តថ្មីចំនួន 200,000 នាក់បានចុះឈ្មោះចាប់តាំងពីមហាសន្និបាតបានចាប់ផ្តើម។ អ្នកស្រីបាននិយាយថា អំណោយមួយភាគបីបានមកពីអ្នកបរិច្ចាគលើកដំបូង ដោយគ្រូបង្រៀន និងគិលានុបដ្ឋាយិកាគឺជាអ្នកផ្តល់ជំនួយកំពូល។

សន្និបាត​ជាតិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ។ បន្ទាប់ពីមានការយល់ព្រមរបស់ប្រធានាធិបតី Joe Biden លើការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី Harris បានរៃអង្គាសប្រាក់បានចំនួន 81 លានដុល្លារក្នុងរយៈពេល 24 ម៉ោងដំបូង ដែលជាចំនួននៃការរៃអង្គាសប្រាក់ខ្ពស់បំផុតក្នុងកំណត់ត្រាមួយដែលមិនធ្លាប់មានពីមុនមក៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២