យន្តហោះ​ចម្បាំង F-16 របស់​អ៊ុយក្រែន​បាន​ធ្លាក់ នៅអំឡុងពេល​វាយ​ប្រហារ​របស់​រុស្ស៊ី ដោយបានសម្លាប់អ្នក​បើកបរ​យន្តហោះម្នាក់

យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនបានទទួលពីដៃគូលោកខាងលិច ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនោះបានធ្លាក់១គ្រឿងហើយនាពេលនេះ ហើយអ្នកបើកយន្តហោះបានស្លាប់។ ។ នេះបើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។

យន្តហោះចម្បាំង F-16 មួយគ្រឿងនោះ បានធ្លាក់កាលពីថ្ងៃចន្ទ នៅពេលដែលរុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដ៏ធំមួយទៅលើប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍បាននិយាយថា មីស៊ីលរុស្ស៊ីចំនួនបួនគ្រាប់នោះ ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះ F-16 ។នេះគឺជាការរាយការណ៍ជាលើកដំបូងនៃការបាត់បង់យន្តហោះចម្បាំង F-16 នៅអ៊ុយក្រែន ជាកន្លែងដែលពួកគេបានមកដល់នៅចុងខែមុន។

ក្រសួងការពារជាតិអ៊ុយក្រែនបានបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះចម្បាំង F-16 នេះ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរលើប្រទេសអ៊ុយក្រែនជាលើកទីបីក្នុងរយៈពេលបួនថ្ងៃ ដោយបានបាញ់មីស៊ីលម្តងទៀត និងយន្តហោះគ្មានមនុស្សបើកជាច្រើនដែលភាគច្រើនត្រូវបានកងទ័ពអ៊ុយក្រែនស្ទាក់ចាប់បាន។

សេចក្តីថ្លែងការណ៍របស់កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួនប្រាំគ្រាប់ និងយន្តហោះគ្មានមនុស្សបើក Shahed ចំនួន 74 គ្រឿងទៅកាន់គោលដៅរបស់អ៊ុយក្រែន។ហើយប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់កាំជ្រួចមីស៊ីលចំនួនពីរគ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន 60 គ្រឿង ហើយយន្តហោះគ្មានមនុស្សបើកចំនួន 14គ្រឿងផ្សេងទៀតត្រូវបានសន្មត់ថា បានធ្លាក់ចុះមុនពេលទៅដល់គោលដៅរបស់ពួកគេ។

អាជ្ញាធរក្នុងរដ្ឋធានី Kyiv បាននិយាយថា កំទេចកំទីនៃយន្តហោះគ្មានមនុស្សបើកដែលបានបំផ្លាញបានធ្លាក់ក្នុងសង្កាត់ចំនួនបីនៃទីក្រុង ដែលបណ្តាលឱ្យខូចខាតបន្តិចបន្តួចដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស សមាជិកណាតូទាំងអស់ បានប្តេជ្ញាផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងF-16 ជាង 60 គ្រឿង។យន្តហោះ F-16 អាចហោះហើរបានដល់ទៅ 2 ដងនៃល្បឿនសំឡេង និងមានចម្ងាយអតិបរមាលើសពី 2,000 ម៉ាយ។ ពួកគេ​ក៏​អាច​បាញ់​អាវុធ​ទំនើបៗ​ដែល​ប្រទេស​ណាតូ​បាន​ប្រើប្រាស់​ផងដែរ។នេះបើតាម Defense News ចេញផ្សាយនៅថ្ងៃនេះ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២