ប្រទេសនីហ្សេរីយ៉ាបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា អ្នកទោសពន្ធនាគារចំនួន 274 នាក់នៅមជ្ឈមណ្ឌលកែប្រែមធ្យមក្នុងទីក្រុង Maiduguri ភាគឦសានបានរត់គេចខ្លួន នៅខណៈពេលជញ្ជាំងរបងបានដួលរលំដែលបណ្តាលមកពីទឹកជំនន់យ៉ាងខ្លាំងក្លា។ Umar Abubakar អ្នកនាំពាក្យសេវាកែតម្រូវនីហ្សេរីយ៉ា (NCoS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសបានរត់គេចពីមជ្ឈមណ្ឌលកែប្រែមធ្យម ដែលជាពន្ធនាគារចាស់នៅ Maiduguri ភាគឦសានប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីជញ្ជាំងរបងពន្ធនាគារបានដួលរលំដោយសារតែទឹកជំនន់យ៉ាងខ្លាំង។


លោក Abubakar បានប្រាប់ឲ្យដឹងថា “ទឹកជំនន់បានធ្វើឱ្យជញ្ជាំងនៃកន្លែងកែប្រែពន្ធនាគារ រួមទាំងមជ្ឈមណ្ឌលសន្តិសុខមធ្យម Maiduguri (MSCC) ក៏ដូចជាផ្នែកបុគ្គលិកនៅក្នុងទីក្រុង” ។ លោកបាននិយាយថា ដំបូងឡើយអ្នកទោសប្រមាណជា 281 នាក់ត្រូវបានរកឃើញថា បានបាត់ខ្លួនបន្ទាប់ពីការត្រួតពិនិត្យដោយប្រតិបត្តិករពន្ធនាគារ។


ទោះបីជាយ៉ាងណាក៏ដោយ អ្នកទោសចំនួន 7 នាក់ក្រោយមកត្រូវបានចាប់ខ្លួន ហើយត្រឡប់ទៅកន្លែងវិញ ហើយចំនួន 274 នាក់នៅតែបាត់ខ្លួន។ មន្ត្រីដដែលបាននិយាយថា សេវាពន្ធនាគារកំពុងសហការជាមួយភ្នាក់ងារសន្តិសុខផ្សេងទៀតនៅទូទាំងប្រទេសដើម្បីតាមចាប់ខ្លួនអ្នកទោសដែលបានរត់គេចខ្លួនទាំងនោះ។ កាលពីថ្ងៃទី 10 ខែកញ្ញា ទឹកជំនន់ដ៏ធំបានវាយប្រហារទីក្រុង Maiduguri បណ្តាលឱ្យខូចខាតសាលារៀន មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល ធនាគារ និងតំបន់ពាណិជ្ជកម្ម ទីផ្សារ សួនសត្វ មជ្ឈមណ្ឌលគោរពបូជា ផ្ទះសម្បែង និងពន្ធនាគារ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ(NEMA)បានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ៣៧នាក់ និងរបួស ៥៨នាក់ នៅក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងទឹកជំនន់។ អាជ្ញាធរបាននិយាយថា មនុស្សជាង១លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមនុស្សចំនួន ៤១៤.០០០នាក់ទៀតត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់ទីទួលសុវត្ថិភាព៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា