ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ផែនការជ័យជម្នះរបស់គាត់សម្រាប់អ៊ុយក្រែនគឺរួចរាល់ជាង90%ហើយ ហើយទីក្រុង Kyiv កំពុងរៀបចំបង្ហាញដល់សម្ព័ន្ធមិត្តនៅសប្តាហ៍ក្រោយ។នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់នៅយប់ថ្ងៃទី 16 ខែកញ្ញានេះ លោក Zelensky បាននិយាយថា “ជំហានចាំបាច់សម្រាប់អ៊ុយក្រែនត្រូវបានកំណត់យ៉ាងច្បាស់លាស់រួចហើយ។សម្រាប់ជំហាននីមួយៗ មានបញ្ជីច្បាស់លាស់អំពីអ្វីដែលត្រូវការ និងអ្វីដែលនឹងពង្រឹង។ មិនមានអ្វីដែលមិនអាចទៅរួចទេនៅក្នុងផែនការនេះគឺ ជាង 90% ត្រូវបានសរសេររួចហើយ” ។
លោក Zelensky ថា ផែនការជ័យជម្នះនេះអាចធានាបាននូវការអភិវឌ្ឍន៍ត្រឹមត្រូវនៃស្ថានការណ៍ មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូបក្នុងពិភពលោក ដែលឱ្យតម្លៃលើច្បាប់អន្តរជាតិ។
លោក Zelensky បាននិយាយកាលពីថ្ងៃទី 27 ខែសីហាថា លោកនឹងបង្ហាញជូនប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នូវផែនការសម្រាប់ជ័យជម្នះ នៅអំឡុងពេលកិច្ចប្រជុំមួយនៅក្នុងខែកញ្ញា។ ខណៈដែលមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ណាមួយត្រូវបានបង្ហាញនៅឡើយ លោកបាននិយាយថា ការវាយលុករបស់អ៊ុយក្រែនចូលទៅតំបន់ Kurskរបស់រុស្សីកំពុងតែបន្តគឺជាផ្នែកមួយនៃផែនការនេះ។ ធាតុផ្សេងទៀតរួមមានការចូលរួមរបស់អ៊ុយក្រែននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខពិភពលោក ការដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមតាមរយៈមធ្យោបាយការទូត និងទិដ្ឋភាពសេដ្ឋកិច្ច។
អ៊ុយក្រែនកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពជាលើកទីពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលបានបើកនៅប្រទេសស្វីសក្នុងខែមិថុនា ដែលរុស្ស៊ីត្រូវបានដកចេញ។ ទីក្រុងកៀវបាននិយាយថា ខ្លួនមានគោលបំណងអញ្ជើញតំណាងរុស្ស៊ីមកសន្និសីទលើកទីពីរនាពេលខាងមុខនេះ។ អ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀតនូវបទឈប់បាញ់ ឬការផ្អាកជាបណ្តោះអាសន្ននៅក្នុងអរិភាព ដោយនិយាយថា ខ្លួនគ្រាន់តែផ្តល់ឱកាសសម្រាប់រុស្ស៊ីក្នុងការប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ។នេះបើយោងតាម The Kyiv Independent ៕

