បុរសជាងកាត់សក់ម្នាក់ដេកស្លាប់ក្នុងតូបកាត់សក់របស់ខ្លួន សង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសជាងកាត់សក់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងតូបកាត់សក់របស់ខ្លួន សមត្ថកិច្ច និងអ្នកជិតខាងបានសង្ស័យថា បុរសនេះសង្ស័យស្លាប់ដោយខ្យល់គរ ព្រោះមុនពេលស្លាប់បានឮគាត់ត្អូញថា អត់ស្រួលខ្លួនច្រើនថ្ងៃមកហើយ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងតូបកាត់សក់របស់គាត់ នៅតាមផ្លូវរោងចក្រសាន់ស្កាយ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះសំណាង អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ជាបុរសពោះម៉ាយ ប៉ុន្តែអត់ដឹងថា មានកូន ឬអត់នោះទេ ហើយគាត់ស្នាក់នៅក្នុងតូបកាត់សក់នោះតែម្នាក់ឯងប៉ុណ្ណោះ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរូបនោះបានខកខានមិនបានកាត់សក់ឱ្យគេរយៈពេល៤ទៅ៥ថ្ងៃមកហើយ ដោយប្រាប់អ្នកជិតខាងថា គាត់អត់ស្រួលខ្លួន ហើយនៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គាត់បានផឹកស៊ីជុំគ្នាជាមួយមិត្តភក្ដិមួយក្រុមរហូតដល់យប់ជ្រៅទើបឈប់ ហើយមិត្តភក្ដិបានចេញទៅផ្ទះរៀងៗខ្លួន ចំណែកគាត់ដេកនៅក្នុងតូបកាត់សក់ម្នាក់ឯង ហើយនៅវេលាជិតភ្លឺគេបានឮសូរគាត់ស្រែកឱ្យគេជួយដែរ ប៉ុន្តែគេអត់ចាប់អារម្មណ៍ ។

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា លុះព្រឹកថ្ងៃទី២០ ខែកញ្ញា ដោយសារតែអត់ឃើញគាត់ក្រោកកាត់សក់ឱ្យគេដូចរាល់ដង ម្ចាស់ផ្ទះជួលក៏បានស្រែកហៅ ប៉ុន្តែអត់ឮឆ្លើយក៏បានទៅគាស់ទ្វារក្រោយមើល ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ។ ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងព្រឹក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឱ្យចុះទៅមើល ដើម្បីរាយការណ៍ជូននគរបាលបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ៕

ដោយ៖:វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២