ក្រុម Hezbollah របស់ប្រទេសលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ខ្លួនបានធ្វើការវាយប្រហារចំនួន 17លើក ទៅលើរថយន្តយោធាអ៊ីស្រាអែល និងការតាំងទីលំនៅនៅភាគខាងជើងអ៊ីស្រាអែល ដែលជាការកត់សម្គាល់ប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប្រហែល 100 ថ្ងៃ។ ការវាយប្រហារនេះបានកើតឡើងចំពេលដែលរលកថ្មីនៃការកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅក្នុងប្រទេសលីបង់ ដែលពាក់ព័ន្ធនឹងឧបករណ៍ទំនាក់ទំនងរាប់ពាន់គ្រឿងកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដែលបានសម្លាប់មនុស្សចំនួន 37 នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្រុមនេះបានរៀបរាប់លម្អិតថា ការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ រួមមានការបាញ់គ្រាប់រ៉ុក្កែត សំដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល រួមទាំងនៅ Liman, Adamit, Shomera និង Matat និងទីស្នាក់ការកណ្តាលនៃកងពលតូច Hermon ទី 810 នៅក្នុងបន្ទាយ Ma’ale Golani ។ហើយថា ខ្លួនបានកំណត់គោលដៅលើទីតាំងកាំភ្លើងធំនៅ Beit Hillel ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ដោយផ្តោតលើទីតាំងជាមួយមន្ត្រី និងទាហាន ហើយវាយលុកទីតាំងបញ្ជាការដែលបានបង្កើតឡើងថ្មីសម្រាប់កងពលតូចខាងលិចក្នុងការតាំងទីលំនៅ នៅYara ។
លើសពីនេះ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើ Zar’it និង Metula ហើយបានបាញ់ផ្លោងទៅលើទីតាំងយោធានៅ Hanita, Ramyah និង Al-Malikiyya ។ ក្រុមលីបង់ក៏បានចង្អុលបង្ហាញថា ខ្លួនបានកំណត់គោលដៅជាមួយ”អាវុធសមស្រប” ទីតាំងយោធា Al-Samaqa អគារដែលប្រើប្រាស់ដោយទាហាននៅក្នុងការតាំងទីលំនៅ Metula និងទីតាំងសម្រាប់កងទ័ពនៅ Al-Marj ។
ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាប្រតិបត្តិការដ៏ខ្លាំងក្លាបំផុតរបស់ហេសបូឡា ចាប់តាំងពីថ្ងៃទី 14 ខែមិថុនា ជាមួយនឹងការវាយប្រហារចំនួន 17 លើកក្នុងមួយថ្ងៃ បន្ទាប់ពីការវាយប្រហារចំនួន 22 លើកមុននៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2023 ដែលជាចំនួនការវាយប្រហារខ្ពស់បំផុតចាប់តាំងពីជម្លោះកើនឡើងនៅថ្ងៃទី 8 ខែតុលា។ ភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីរលកនៃការផ្ទុះកាលពីថ្ងៃពុធ ដែលបានប៉ះពាល់ដល់ឧបករណ៍ឥតខ្សែ ICOM នៅទូទាំងប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស 25 នាក់ស្លាប់ និង 450 នាក់រងរបួស។ ការផ្ទុះបានធ្វើឡើងបន្ទាប់ពីការបំផ្ទុះស្រដៀងគ្នានេះកាលពីថ្ងៃអង្គារ ដែលបានវាយប្រហារឧបករណ៍ pager នាំឱ្យមនុស្សស្លាប់ 12 នាក់ក្នុងនោះមានកុមារ 2 នាក់ និងរបួស 2,800 នាក់ផ្សេងទៀត និង 300 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រដ្ឋាភិបាលលីបង់ និងក្រុម Hezbollah បានចាត់ទុក និងឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការផ្ទុះឧបករណ៍ និងបានគំរាមកំហែងជាមួយនឹង “ផលវិបាកធ្ងន់ធ្ងរ” ។ មិនមានការអត្ថាធិប្បាយណាមួយរបស់អ៊ីស្រាអែលលើការបំផ្ទុះដែលបានកើតឡើងចំពេលមានការកើនឡើងនៃសង្រ្គាមឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដ៏សាហាវរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 41,300 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលាឆ្នាំមុន៕
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា