ក្រុមប្រដាប់អាវុធរបស់លីបង់ Hezbollah បានប្រកាសពីការស្លាប់របស់មេបញ្ជាការកំពូលរបស់ខ្លួនម្នាក់ ដោយសារការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់ប្រទេសអ៊ីស្រាអែល។ Hezbollah បានបញ្ជាក់ថា Ibrahim Muhammad Qubaisi ត្រូវបានសម្លាប់ តាមរយៈការបង្ហោះនៅលើបណ្តាញ Telegram នៅព្រឹកថ្ងៃពុធប៉ុន្មានម៉ោង បន្ទាប់ពីយោធាអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសលើ Ghobeiri នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

មន្ត្រីអ៊ីស្រាអែលបាននិយាយថា Qubaisi ត្រូវបានគេស្គាល់ថា ជា “Hajj Abu Musa” បានដឹកនាំអង្គភាពកាំជ្រួច និងរ៉ុក្កែតជាច្រើនរបស់ Hezbollah ហើយបានទទួលខុសត្រូវចំពោះការវាយប្រហារកាលពីឆ្នាំ 2000 ដែលទាហានអ៊ីស្រាអែលបីនាក់ត្រូវបានចាប់ពង្រត់ និងសម្លាប់។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦ នាក់ និង ១៥ នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 569នាក់ និងរបួស1835នាក់ផ្សេងទៀតនៅក្នុងប្រទេសលីបង់។
ការកើនឡើងនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានជួបការប៉ះទង្គិចគ្នាកម្រិតទាប ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើតំបន់ហ្គាហ្សាក្នុងខែតុលា បន្ទាប់ពីការបំផ្ទុះដ៏ធំកាលពីសប្តាហ៍មុននៅ pagers និង walkie-talkies ផ្តោតលើសមាជិកក្រុម Hezbollah នៅលីបង់។ Hezbollah បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល។
ក្រុមលីបង់បានបាញ់រ៉ុក្កែតប្រហែលជា ៣០០គ្រាប់សំដៅទៅលើអ៊ីស្រាអែលកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ ដោយបានបណ្តាលឲ្យជនស៊ីវិល និងទាហានអ៊ីស្រាអ៊ែលចមនួន ៦ នាក់រងរបួស នេះបើតាមយោធាអ៊ីស្រាអែល។

យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយបានបង្កើនការភ័យខ្លាចនៃជម្លោះថ្មីនៅមជ្ឈិមបូព៌ា ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាកំពុងខិតជិតដល់រយៈពេលមួយឆ្នាំ៕
ប្រភព៖ Al Jazeera
ប្រែសម្រួលដោយ៖ វាសនា