យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 50 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទម្សិលម៉ិញនេះ លើចំណុចជាច្រើននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួនលើផ្នែកខាងជើង ខាងត្បូង និងភាគកណ្តាលនៃតំបន់ឡោមព័ទ្ធ នៅក្នុងខួបលើកដំបូងនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។


ប្រភពពីមន្ត្រីសុខភាពនៅតំបន់GAZAបាននិយាយថា ជនជាតិប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) នៅលើតង់ក្បែរវិហារអ៊ីស្លាម Al-Furqan ក្នុងជំរុំជនភៀសខ្លួន Bureij នៅកណ្តាលតំបន់ហ្គាហ្សា។ ជនជាតិប៉ាឡេស្ទីន៥នាក់បានស្លាប់ និង១៨នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសពីរផ្សេងគ្នាទៅលើទីតាំងផ្សេងទៀតនៅក្នុងជំរុំ។ ជនជាតិប៉ាឡេស្ទីន១៦នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅភាគខាងកើត និងខាងលិចនៃ Khan Younis។


នៅក្នុងទីក្រុង Rafah ជនជាតិប៉ាឡេស្ទីន 8 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលដែលសំដៅទៅលើផ្ទះមួយនៅក្នុងតំបន់ Miraj ហើយជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងតំបន់ Khirbet al-Ades ។ អ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលាឆ្នាំមុន បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។


ចាប់តាំងពីពេលនោះមក មនុស្សជិត 42,000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 97,100 នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។ ការវាយលុករបស់អ៊ីស្រាអែលបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់ GAZA ចំពេលមានការបិទផ្លូវ ដែលនាំឱ្យមានការខ្វះខាតអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាម A News ចេញផ្សាយនៅមុននេះបន្តិច៕

ប្រែសម្រួលដោយ៖ វាសនា