មន្ត្រីមន្ទីរប៉ង់តាហ្គោនបាននិយាយថា អំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន ទាហានរុស្សីបានស្លាប់ និងរបួសរហូតដល់ជាង 600,000នាក់ នេះជាសញ្ញានៃការខាតបង់ដែលកើនឡើងលើសពីសមាមាត្រជាមួយនឹងការកើនឡើងនៃទាហានរបស់ខ្លួន។ ចាប់តាំងពីរដូវក្តៅមក ទីក្រុងមូស្គូបានបន្តដណ្តើមយកទឹកដីនៅតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន រួមទាំងការឈានទៅមុខឥតឈប់ឈរឆ្ពោះទៅកាន់ទីក្រុង Pokrovsk ដែលជាទីក្រុងនៅចំចំណុចកណ្តាលផ្លូវជាច្រើនដែលជួយបំលាស់ទីមនុស្ស និងឧបករណ៍សឹក។

នៅពេលដែលរុស្ស៊ីផ្លាស់ទីទៅជិតទីក្រុង ហើយវាយលុកខ្សែការពារកាន់តែជ្រៅ ការចំណាយក៏មានការកើនឡើងដែរ។ នៅក្នុងខែកញ្ញាគឺជាខែដែលមានមនុស្សស្លាប់ច្រើនបំផុតនៅអំឡុងសង្គ្រាមទាំងមូល។នេះបើតាមមន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃពុធ។ មន្ត្រីរូបនេះបាននិយាយថា “ការខាតបង់របស់រុស្ស៊ី ទាំងការស្លាប់ និងរបួសម្តងទៀតនៅក្នុងសកម្មភាព ក្នុងរយៈពេលត្រឹមតែឆ្នាំដំបូងនៃសង្រ្គាម គឺលើសពីចំនួនសរុបនៃការបាត់បង់សូវៀតទាំងអស់នៅក្នុងជម្លោះណាមួយចាប់តាំងពីសង្គ្រាមលោកលើកទី 2 រួមបញ្ចូលគ្នាទៅទៀត ។ទោះបីជាសម្ភារៈយោធាជាច្រើនបានបាត់បង់ ឬខូចខាតក៏ដោយ ថវិការដ្ឋាភិបាលមួយចំនួនបានប្តូរទិសដៅឆ្ពោះទៅរកវិស័យការពារជាតិ និងការចល័តកងទ័ពតិចតួច។
មន្ត្រីបាននិយាយថា រហូតមកដល់ពេលនេះ រុស្ស៊ីអាចជ្រើសរើសទាហានបន្ថែមទៀត ភាគច្រើនតាមរយៈការផ្តល់ជូនប្រាក់សោធននិវត្តន៍ និងប្រាក់ខែខ្ពស់។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងក៏បានព្រមាននៅក្នុងសប្តាហ៍នេះថា កូរ៉េខាងជើងទំនងជានឹងបញ្ជូនកងទ័ពទៅប្រយុទ្ធជាមួយរុស្ស៊ី ដោយបន្ថែមលើសម្ភារៈយោធាដែលទីក្រុងព្យុងយ៉ាងបានបរិច្ចាគផងដែរ។
មន្ត្រីការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា បន្ថែមពីលើការស្លាប់ និងរបួសដែលកើនឡើង រុស្ស៊ីបានខាតបង់នាវាចំនួន ៣២ នៅក្នុងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន រួមជាមួយនឹងរថក្រោះស្តុកទុកមុនសង្គ្រាមពីរភាគបីផងដែរ។ ការខាតបង់ទាំងនេះបានបង្ខំឱ្យវិមានក្រឹមឡាំង ប្រមែលប្រមូលតាមឃ្លាំងសម្ភារៈយោធាសម័យសូវៀត ដើម្បីជួសជុលឡើងវិញ ហើយបន្ទាប់មកដាក់ពង្រាយ។

នៅសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក Joe Biden មានគម្រោងរៀបចំវេទិកាមេដឹកនាំពិភពលោកដែលគាំទ្រអ៊ុយក្រែននៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលមន្ទីរបញ្ចកោណតែងតែប្រមូលផ្តុំក្រុមមន្ត្រីការពារជាតិ។ ផែនការនេះត្រូវបានលុបចោលវិញ ដោយសារតែការត្រៀមលក្ខណៈសម្រាប់ព្យុះ Hurricane Milton ដែលគ្រោងនឹងបោកបក់នៅ Tampa កាលពីថ្ងៃពុធ។ សេតវិមានមិនទាន់បានប្រកាសកាលបរិច្ឆេទជាថ្មីនៅឡើយទេ៕
