បន្ទាប់ពីកងទ័ពអ៊ីស្រាអ៊ែលបើកការវាយប្រហារ ដោយថ្មើរជើង និងពីលើអាកាសចូលទៅក្នុងទឹកដីនៃប្រទេសលីបង់ជាប់ព្រំដែនរបស់ប្រទេសអ៊ីស្រាអ៊ែល ដែលជាជម្រករបស់ក្រុម Hezbollah គាំទ្រដោយអ៊ីរ៉ង់ ហើយបណ្តាលឱ្យបុគ្គលិករបស់អង្គការសហប្រជាជាតិ UNIFIL រងរបួសជាច្រើននាក់ ដែលធ្វើឱ្យមានការចោទប្រកាន់ថាអ៊ីស្រាអ៊ែលបើកការវាយប្រហារទៅលើស្នាក់ការបុគ្គលិករបស់អង្គការសហប្រជាជាតិនោះ ឥឡូវនេះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលបានចេញវីដេអូបំភ្លឺពីរឿងនេះហើយ កាលពីយប់ម៉ិញ។
នៅក្នុងសារវីដេអូ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានមានប្រសាសន៍ថា«ការចោទប្រកាន់ដែលថាអ៊ីស្រាអែលវាយប្រហារដោយចេតនាលើបុគ្គលិក UNIFIL នោះគឺមិនពិតនោះទេ មុនបើកការវាយប្រហារអ៊ីស្រាអែលបានស្នើទៅ UNIFIL ម្តងហើយម្តងទៀត ឱ្យចេញពីផ្លូវគ្រោះថ្នាក់។ខ្លួនបានស្នើម្តងហើយម្តងទៀតឱ្យពួកគេចាកចេញពីតំបន់ប្រយុទ្ធជាបណ្តោះអាសន្ន ដែលនៅជាប់ព្រំដែនអ៊ីស្រាអែលជាមួយលីបង់។ ជាការពិត នៅថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួននៅជាប់ព្រំដែន ជាមួយប្រទេសលីបង់ យើងបានស្នើសុំយ៉ាងទទូចឱ្យពួកគេ ចាកចេញពីតំបន់នោះ ដើម្បីកុំឱ្យមានអ្នកគ្រោះថ្នាក់។ហើយអ៊ីស្រាអែលមិនប្រយុទ្ធជាមួយ UNIFIL ទេ ខ្លួនមិនប្រឆាំងនឹងប្រជាជនលីបង់ទេ។ ខ្លួនកំពុងប្រយុទ្ធនឹងប្រូកស៊ីរបស់អ៊ីរ៉ង់ Hezbollah ដែលប្រើទឹកដីលីបង់ដើម្បីវាយប្រហារអ៊ីស្រាអែល។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបន្តទៀតថា ក្រុម Hezbollah បានវាយប្រហារអ៊ីស្រាអែលកាលពីឆ្នាំមុន នៅថ្ងៃទី 8 ខែតុលា មួយថ្ងៃបន្ទាប់ពីការសម្លាប់យ៉ាងរង្គាលរបស់ក្រុមហាម៉ាស ហើយពួកគេបានបន្តវាយប្រហារពួកយើងតាំងពីពេលនោះមក ដោយបានបាញ់គ្រាប់រ៉ុក្កែត និងកាំជ្រួចជាង 10,000 គ្រាប់ទៅកាន់អ៊ីស្រាអែល។ Hezbollah ប្រើប្រាស់កន្លែង និងទីតាំង UNIFIL ជាកន្លែងបិទបាំង ខណៈពេលដែលពួកគេបានវាយប្រហារទីក្រុង និងសហគមន៍អ៊ីស្រាអែល។ ការវាយប្រហារទាំងនេះបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាច្រើននាក់ រួមទាំងកាលពីម្សិលមិញនេះផងដែរ។