ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅកូរ៉េខាងត្បូងថា ជាប្រទេសបរទេស និងជាប្រទេសអរិភាព ជាសត្រូវ ដោយធ្វើការព្រមានកូរ៉េខាងត្បូងថា ប្រសិនបើអធិបតេយ្យភាពរបស់កូរ៉េខាងជើងត្រូវបានរំលោភបំពាននោះ កូរ៉េខាងជើងនឹងធ្វើការឆ្លើយតបវិញឱ្យចាស់ដៃ និងឈឹចាប់បំផុត។ការព្រមានបែបនេះ ធ្វើឡើងនៅអំឡុងពេលចុះធ្វើអធិការកិច្ចរបស់លោកនៅទីបញ្ជាការកងពលធំទី 2 នៃកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ ពីរថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបំផ្ទុះផ្លូវថ្នល់ និងផ្លូវដែកដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាសំខាន់នៃការបង្រួបបង្រួមអន្តរកូរ៉េ។


ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា កងទ័ពរបស់យើងគួរតែចងចាំ និងគិតថា កូរ៉េខាងត្បូងគឺជាប្រទេសបរទេស និងជាប្រទេសអរិភាពជាក់ស្តែង”។

វាត្រូវបានគេប៉ាន់ស្មានយ៉ាងទូលំទូលាយថា ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗនេះបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីកំណត់ទីក្រុងសេអ៊ូលជារដ្ឋអរិភាព ដើម្បីស្របតាមការណែនាំរបស់លោកគីមក្នុងការកំណត់ជាផ្លូវការថា កូរ៉េខាងត្បូងជាសត្រូវ ជាជាងដៃគូសម្រាប់ការផ្សះផ្សា និងការបង្រួបបង្រួមឡើងវិញ។ KCNA បាននិយាយថា ហគាត់បានបន្ថែមថា វាក៏មានន័យថាជាសេចក្តីប្រកាសចុងក្រោយថា នៅពេលដែលអធិបតេយ្យភាពរបស់កូរ៉េខាងជើងត្រូវបានរំលោភបំពានដោយកូរ៉េខាងត្បូង ដែលជាប្រទេសអរិភាព កងកម្លាំងរបស់យើងនឹងត្រូវប្រើប្រាស់ដោយមិនស្ទាក់ស្ទើរ ដើម្បីឆ្លើយតបទៅកូរ៉េខាងត្បូង។
លោក Kim បាននិយាយថា ការបិទផ្លូវថ្នល់ និងផ្លូវដែកមិនត្រឹមតែមានន័យថាជាការបិទផ្លូវរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយទីក្រុងសេអ៊ូល និងការដកចេញទាំងស្រុងនូវគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិឡើងវិញ។ លោក Kim ត្រូវបានអមដំណើរក្នុងការត្រួតពិនិត្យទីបញ្ជាការកងទ័ពរបស់គាត់ ដោយលោក Pak Jong-chon អនុប្រធានគណៈកម្មាធិការយោធាកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង និងលោក No Kwang-chol រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកូរ៉េខាងជើង។នេះបើតាម The Korea Times ចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១៨ ខែតុលានេះ៕

ប្រែសម្រួលដោយ៖ វាសនា