កូរ៉េខាងត្បូងអាចនឹងបញ្ជូនយោធារបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន និងផ្តល់ការគាំទ្រផ្នែកប្រដាប់អាវុធផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីកងទ័ពកូរ៉េខាងជើងដែលផ្តល់ជំនួយដល់ប្រទេសរុស្ស៊ី។ ទីក្រុងសេអ៊ូលកំពុងពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយយោធាមួយក្រុមពីអង្គភាពស៊ើបការណ៍សម្ងាត់ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ស្តីពីការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការឈ្លានពានពេញលេញរបស់រុស្ស៊ី។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap ។


ក្រុមកូរ៉េខាងត្បូងនឹងអាចវិភាគយុទ្ធសាស្ត្រ និងសមត្ថភាពប្រយុទ្ធរបស់ទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូលក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាផ្តល់ជំនួយប្រដាប់អាវុធដល់អ៊ុយក្រែន។ រហូតមកដល់ពេលនេះ ទីក្រុងសេអ៊ូលបានត្រឹមតែបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុង Kyiv ប៉ុណ្ណោះ បើទោះបីជាមានសេចក្តីរាយការណ៍ថា កូរ៉េខាងត្បូងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដោយប្រយោលដល់អ៊ុយក្រែន តាមរយៈសហរដ្ឋអាមេរិកក៏ដោយ។ ចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីលើអ៊ុយក្រែន ការនាំចេញផ្នែកការពារជាតិរបស់កូរ៉េខាងត្បូងបានពង្រីកយ៉ាងខ្លាំងក្លា។

កិច្ចព្រមព្រៀងអាវុធដ៏ធំបំផុតមួយរបស់ខ្លួនបានធ្វើឡើងនៅក្នុងឆ្នាំ 2022 តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយប្រទេសប៉ូឡូញ ដែលមានទំហំទឹកប្រាក់ជាង 20 ពាន់លានអឺរ៉ូបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមមូលដ្ឋានទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ទីក្រុងសេអ៊ូលស្ថិតក្នុងចំណោមអ្នកនាំចេញអាវុធកំពូលនៅលើពិភពលោក។
យោងតាមប្រធានចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov ថា ទាហាន 2,600 ក្រុមដំបូងនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីសំខាន់ៗបន្ទាប់ពីការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលនៅដើមខែសីហា។

កងកម្លាំងអ៊ុយក្រែននាពេលថ្មីៗនេះបានរុលទៅផ្នែកខាងលិចនៃទាហានរុរ្រីនៅក្នុងតំបន់ Kursk ដែលជាកន្លែងការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង។ Budanov បាននិយាយថា ទាហានកូរ៉េខាងជើងជិត 11,000 នាក់ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ហើយនឹង “ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ” នៅអ៊ុយក្រែនត្រឹមថ្ងៃទី 1 ខែវិច្ឆិកា។

យោងតាមការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន 1,500 នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការហ្វឹកហ្វឺន ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាជំហានដំបូងនៃការចូលរួមនៅក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន៕


ប្រែសម្រួលដោយ៖ វាសនា