ប្រមុខការពារជាតិអាមេរិកជំរុញឱ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី

កាលពីថ្ងៃពុធទី៣០ ខែតុលាម្សិលម៉ិញនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជំរុញឱ្យកូរ៉េខាងជើងដកទ័ពចេញពីប្រទេសរុស្ស៊ី។ លោក Austin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun នៅឯមន្ទីរបញ្ចកោណថា ខ្ញុំបានអំពាវនាវឱ្យពួកគេបញ្ឈប់អាកប្បកិរិយាដែលអាចមានអស្ថិរភាពរបស់ពួកគេ ទាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអ៊ឺរ៉ុបផងដែរ។

លោក Austin បាននិយាយថា ភ័ស្តុតាងបានបង្ហាញថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន 10,000 នាក់ទៅហ្វឹកហាត់នៅភាគខាងកើតប្រទេសរុស្ស៊ី ហើយគាត់បានសម្តែងការព្រួយបារម្ភអំពីកម្រិតនៃកិច្ចសហប្រតិបត្តិការយោធាដោយផ្ទាល់ ដែលមិនធ្លាប់មានពីមុនមក រវាងរុស្ស៊ី និងកូរ៉េខាងជើង។ ទាហានកូរ៉េខាងជើងមួយចំនួនបានផ្លាស់ទីទៅជិតអ៊ុយក្រែនរួចហើយ ហើយយើងកំពុងឃើញពួកគេស្លៀកពាក់ឯកសណ្ឋានរុស្ស៊ី និងមានយុទ្ធោឧបករណ៍រុស្ស៊ី។ លោកបានបន្ថែមថា ខ្ញុំមានការព្រួយបារម្ភកាន់តែខ្លាំងថា វិមានក្រឹមឡាំង គ្រោងនឹងប្រើប្រាស់ទាហានកូរ៉េខាងជើងទាំងនេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងតំបន់ Kursk របស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែន។

លោក Austin បាននិយាយទៀតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈ្នះសង្គ្រាមនៅអ៊ុយក្រែននោះទេ ទោះបីជាមានជំនួយបន្ថែមទៀតពីកូរ៉េខាងជើងក៏ដោយ។ នៅពេលសួរថា តើពេលណាទាហានកូរ៉េខាងជើងអាចចូលប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែននៅទីក្រុង Kursk លោក Austin បាននិយាយថា គាត់នឹងមិនប៉ាន់ស្មាន អំពីពេលវេលានោះទេ។ លោកបានបន្ថែមថា នេះគឺជាអ្វីដែលយើងនឹងបន្តមើល ហើយយើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ីពីការជួលទាហានទាំងនោះ ទៅប្រយុទ្ធនៅខ្សែត្រៀមជួរមុខ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២