យោធាកូរ៉េខាងត្បូងបាននិយាយថា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនៅក្នុងសមយុទ្ធត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីរបស់កូរ៉េខាងជើង។ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwasong-19 ICBM ដែលទើបនឹងបង្កើតថ្មីក្នុងការសាកល្បងលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជិតមួយឆ្នាំ។


មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការបាញ់សាកល្បងកាំជ្រួច ហើយបានស្ថិតនៅកន្លែងបាញ់បង្ហោះ ដោយហៅការបាញ់បង្ហោះថា “ជាសកម្មភាពយោធាសមស្រប” ដើម្បីបង្ហាញពីការតាំងចិត្តរបស់កូរ៉េខាងជើង ក្នុងការឆ្លើយតបទៅនឹងទង្វើរបស់សត្រូវរបស់ខ្លួន ដែលបានគំរាមកំហែងដល់សុវត្ថិភាពរបស់កូរ៉េខាងជើង។នេះបើយោងតាមក្រសួងការពារជាតិរបស់ខ្លួន។ កាំជ្រួចនេះបានហោះខ្ពស់ជាងមុន និងស្ថិតនៅលើអាកាសយូរជាងមីស៊ីលដទៃទៀតដែលកូរ៉េខាងជើងបានបាញ់ ។
កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ដើម្បីហ្វឹកហាត់ជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុន នៅជិតឧបទ្វីបកូរ៉េ ដែលបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនយ៉ាងមុតមាំរបស់ប្រទេសទាំងបីក្នុងការឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងរីកចម្រើនរបស់ប្រទេសកូរ៉េខាងជើង។សេចក្តីថ្លែងការណ៍បាននិយាយថា ការហ្វឹកហ្វឺនតាមអាកាសត្រីភាគី គឺជាលើកទីពីរដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុននៅឆ្នាំនេះ។

ជារឿយៗ សហរដ្ឋអាមេរិកតែងតែឆ្លើយតបទៅនឹងការសាកល្បងកាំជ្រួចសំខាន់ៗរបស់កូរ៉េខាងជើង ជាមួយនឹងការដាក់ពង្រាយជាបណ្តោះអាសន្ននូវយុទ្ធោឧបករណ៍យោធាដ៏មានឥទ្ធិពលមួយចំនួនរបស់ខ្លួន ដូចជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ នាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ និងក្បែរឧបទ្វីបកូរ៉េ។
កូរ៉េខាងជើង ជាធម្មតាបានឆ្លើយតបយ៉ាងខឹងសម្បារចំពោះសកម្មភាពរបស់អាមេរិកបែបនេះ ដោយហៅពួកគេថាជាផ្នែកមួយនៃផែនការដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីឈ្លានពានកូរ៉េខាងជើង និងធ្វើការសាកល្បងអាវុធបន្ថែម។ យោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ពីលើ ឬក្បែរឧបទ្វីបកូរ៉េចំនួនបួនដងក្នុងឆ្នាំនេះ។ B-1B មានសមត្ថភាពផ្ទុកអាវុធធម្មតាដ៏ធំ។
ការបាញ់សាកល្បង ICBM លើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលជិតមួយឆ្នាំ បានបង្ហាញពីវឌ្ឍនភាពនៅក្នុងកម្មវិធីមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបាននិយាយថា កូរ៉េខាងជើងនៅតែមានបញ្ហាបច្ចេកវិទ្យាមួយចំនួនដើម្បីធ្វើជាម្ចាស់ ដើម្បីទទួលបាន ICBM ដែលមានមុខងារ ដែលអាចផ្តល់ការវាយប្រហារនុយក្លេអ៊ែរលើដីគោករបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការសាកល្បង ICBM ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អាមេរិកនៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ និងឆ្លើយតបទៅនឹងការថ្កោលទោសអន្តរជាតិចំពោះការបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបលើកចុងក្រោយកាលពីខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលខ្លួនបានបាញ់សាកល្បងមីស៊ីល Hwasong-18៕
ប្រភព៖ CBS
ប្រែសម្រួលដោយ៖ វាសនា