ចាំមើលៗគេថាម៉េចទៀត! ព្រឹកម៉ិញនេះ រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនោះហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៩រូប។

អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន២ដោយមានសំឡេង ១០៩ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖

១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានដូចខាងក្រោម៖

១-ការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ផ្អែកលើសមិទ្ធផលកន្លងមកដូចបានគូសបញ្ជាក់ខាងលើ និងបន្ទាប់ពី ពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថាកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្តនិងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។ សេចក្តីព្រាងច្បាប់នេះមាន ៤មាត្រា។

   

អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ទាំងមូល មានចំនួន ១០៩សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២