ភ្នំពេញ៖ កីឡាករសញ្ជាតិមីយ៉ាន់ម៉ា ស៊ូ ម៉ូ សាវ បានមកហ្វឹកហាត់គុនខ្មែរនៅក្លឹបប្រដាល់ដ៏ល្បីមួយក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ រូបគេបានសាងសមត្ថភាពរហូតដល់ក្លាយជាគួរឯកប្រចាំកម្មវិធីលំដាប់ប្រទេស ។ដោយកីឡាកររូបនេះនឹងត្រូវជួបប្រកួតលក្ខណៈអន្តរជាតិជាមួយនឹងកីឡាករជើងខ្លាំងល្អសាច់មកពីប្រទេសអូបេគីស្ថាន អាហ្សូត ក្នុងជំនួបនៃការប្រកួតលក្ខណៈគុនខ្មែរ វាយបីទឹក ក្នុងមួយទឹករយៈពេលបីនាទី នៅលើសង្វៀន Mas Fight Cambodia របស់ស្ថានីយទូរទស្សន៍ថោន។កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង ៣ រសៀលតទៅ នាថ្ងៃអាទិត្យទី ១០ ខែវិច្ឆិកា ខាងមុខនេះ ទស្សនិកជនក៏អាចមកចូលរួមគាំទ្រលើកទឹកចិត្តកីឡាករដោយសេរី ។
កីឡាករសញ្ជាតិមីយ៉ាន់ម៉ារូបនេះមានអាយុ ២២ ឆ្នាំ បច្ចុប្បន្នហ្វឹកហាត់នៅក្លឹប The Ring Kun Khmer ដែលមានគ្រូបង្វឹកគឺលោក Martin ។ គេធ្លាប់ប្រកួតបានចំនួន ២១ដងរួចមកហើយ ធ្លាប់បានប្រកួតឈ្នះលើគូប្រកួតចំនួន ១៣ដង ចាញ់ចំនួន ៤ដង ស្មើ៤ដង ហើយបានផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៤ដង សុទ្ធតែជាការប្រកួតដ៏ជក់ចិត្ត។
ចំណែកឯកីឡាករដែលរូបគេត្រូវប៉ះមកពីអូបេគីស្ថាននោះ មានអាយុ ២០ ឆ្នាំ ប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នា ធ្លាប់បានប្រកួតចំនួន ២២ដង ឈ្នះ ១៨ដង ចាញ់តែ ៣ដងប៉ុណ្ណោះ ហើយក៏ធ្លាប់បានផ្តួលគូប្រកួតចំនួន ៤ដង ។
គូប្រកួតសរុបនៅលើសង្វៀន Mas Fight Cambodia របស់ស្ថានីយទូរទស្សន៍ថោននាថ្ងៃអាទិត្យចុងសប្តាហ៍នេះរួមមាន៖ កីឡាការិនីខនវិចិត្រ ចិត្រា ត្រូវជួបប្រកួតជាមួយរិទ្ធ ស្រីដែន ។ជំនួបនៃការប្រកួតគូរគុនខ្មែររវាងគឿម សុវណ្ណឌឿត ត្រូវជួបប្រកួតជាមួយថន ខ្លាស្រស់ ។ចំណែកឯកីឡាកររិទ្ធ វឌ្ឍនៈ ត្រូវប៉ះជាមួយកីឡាកររីកគី ចៅម៉ែ ។ ចំណែកឯកីឡាករម៉ាលី អូប៉វិញត្រូវជួបតតាំងជាមួយរិទ្ធី ម៉ាឡាកាំង ។
សូមជម្រាបជូនផងដែរថា គូអន្តរជាតិ ក្រៅពីគូរបស់កីឡាករសញ្ជាតិមីយ៉ាន់ម៉ា ក៏នៅមានការប្រកួតរវាងកីឡាករកណ្ដុរជ្រែកដីឡុង ពិសិដ្ឋ ត្រូវជួបតតាំងជាមួយកីឡាករជើងខ្លាំងមកពីប្រទេសឥណ្ឌា មានឈ្មោះថាបាប៊ី ខាសានូ ។
កុំភ្លេចចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករទាំងជាតិ និងអន្តរជាតិទាំងអស់គ្នាបងប្អូន ជួបគ្នានៅម៉ោង ៣ រសៀលតទៅ នាថ្ងៃអាទិត្យទី ១០ ខែវិច្ឆិកា ចុងសប្តាហ៍នេះ។ ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកកញ្ចក់ទូរទស្សន៍ថោន ,ទំព័រ facebook page TOWN FULL HDTV, TOWN FM102.25 និងCAMBODIA BEERផងដែរ ៕
ដោយ៖ វិកគី