ឯកអគ្គរាជទូតកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីចេញដំណើររបស់នាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP លើកទី៤៨ នៅទីក្រុងតូក្យូ

កាលពីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Shunsuke FUJIMORI  អ្នកគ្រប់គ្រងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៨ និងជានាយកផ្នែកផ្លាស់ប្តូរយុវជនអន្តរជាតិ នៃខុទ្ទកាល័យរាជរដ្ឋាភិបាលជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីចេញដំណើររបស់នាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP លើកទី ៤៨ នៅ Tokyo International Cruise Terminal នៃទីក្រុងតូក្យូ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ Junko MIHARA រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការយុវជននៃខុទ្ទកាល័យរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីតំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត រួមទាំងស្ថានទូតទីម័រឡេស្តេ ប្រចាំប្រទេសជប៉ុន ផងដែរ។

ក្នុងការជួបសំណេះសំណាលរយៈពេលខ្លីជាមួយប្រតិភូយុវជនកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូត បានផ្តាំផ្ញើយុវជនកម្ពុជាឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការបោះជំហានទៅជាយុវជនអ្នកដឹកនាំនាពេលអនាគត ហើយក៏បានលើកទឹកចិត្តដល់ពួកគាត់ក្នុងការផ្សព្វផ្សាយនូវប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍ ក៏ដូចជា សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដល់ប្រតិភូនៃបណ្តាប្រទេសដែលចូលរួម ឱ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP ឆ្នាំ២០២៤ នេះត្រូវបានប្រារព្ធឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលប្រាំឆ្នាំ ដោយសារវិបត្តិនៃជំងឺ Covid-19។ កម្មវិធីក្នុងឆ្នាំនេះ មានយុវជនសរុបប្រមាណ ២០០រូប មកពីប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានទាំង១០ រួមទាំង ទីម័រឡេស្តេ ដែលក្នុងនោះ មានប្រតិភូយុវជនកម្ពុជាចំនួន ១៦ រូបផងដែរ។ កម្មវិធីនាវាយុវជន នឹងត្រូវចំណាយពេលសរុបចំនួន ៣៨ថ្ងៃ ដោយនឹងធ្វើការចុះចតក្នុងប្រទេសចំនួនពីរ គឺវៀតណាម និងឥណ្ឌូនេស៊ី មុនពេលត្រឡប់មកប្រទេសជប៉ុនវិញ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២