ក្រសួងការពារជនស៊ីវិលលីបង់បាននិយាយថា ខ្លួនបានរកឃើញសាកសពចំនួន 43 នាក់ និងមនុស្សរងរបួសជាច្រើននាក់នៅក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថា នៅក្នុងស្រុក Byblos នៃខេត្ត Mount Lebanon ក្រុមការពារជនស៊ីវិលបានទាញយកសាកសពចំនួន 24 នាក់ហើយបានទាញអ្នករបួសចំនួន 8 នាក់ចេញពីកម្ទេចកម្ទី។


នៅក្នុងភូមិ Deir Qanoun Ras Al-Ain ក្នុងខេត្ត ក្រុមការពារជនស៊ីវិលបានរកឃើញសាកសពជនរងគ្រោះចំនួន 5 នាក់ និងជួយសង្គ្រោះអ្នករងរបួសចំនួន 2 នាក់។ នៅក្នុងខេត្តដដែលនោះ អដ្ឋិធាតុរបស់មនុស្សបីនាក់ ត្រូវបានគេរកឃើញនៅក្នុងភូមិ Aadloun ហើយសាកសពមនុស្សពីរនាក់ទៀតត្រូវបានរកឃើញពីក្រោមគំនរបាក់បែកក្នុងទីក្រុង Haniyeh។ នៅក្នុងខេត្ត Beqaa នៅភាគខាងកើតប្រទេសលីបង់ ក្រុមការពារជនស៊ីវិលបានទាញយកសាកសពជនរងគ្រោះចំនួន៩នាក់ ហើយបានទាញយកអ្នករបួសចំនួន 5 នាក់ចេញពីទីក្រុង Bednayel, Rasm al-Hadath និង Saraain El Faouqa ។


យុទ្ធនាការផ្លូវអាកាសដ៏ធំរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់បានបន្តចាប់តាំងពីចុងខែកញ្ញាប្រឆាំងនឹងអ្វីដែលខ្លួនបានអះអាងថា ជាគោលដៅរបស់ក្រុម Hezbollah ដែលជាការកើនឡើងនៃសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ មនុស្សជាង 3,100 នាក់ត្រូវបានសម្លាប់ និងជាង 13,900 នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ 2023នោះមក។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់។ អ៊ីស្រាអែលបានបើកការលុកលុយចូលទៅភាគខាងត្បូងលីបង់នៅថ្ងៃទី១ ខែតុលាឆ្នាំនេះ៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា